ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលកម្មវិធីទី៤​ បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាបណ្ដុះបណ្ដាលស្ដីពី ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកាសមិទ្ធកម្ម រយៈពេល ២ថ្ងៃ នៅសណ្ឋាគារខេមរ៉ាអង្គរ ខេត្តសៀមរាប

ចែលរំលែក
photo 2024 04 04 22 28 57

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ និងព្រហស្បតិ៍ ១០-១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានសម្របសម្រួលកម្មវិធីទី៤​ បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាបណ្ដុះបណ្ដាលស្ដីពី ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកាសមិទ្ធកម្ម រយៈពេល ២ថ្ងៃ នៅសណ្ឋាគារខេមរ៉ាអង្គរ ខេត្តសៀមរាប​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ឯកឧត្ដម ជួប សំអាត អនុរដ្ឋលេខាធិការ លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោក អាត ចាន់ដេវីដ អគ្គនាយករងបច្ចេកទេស លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ព្រមទាំងលោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ  ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីជំនាញ សរុប ៩៨រូប ស្រី១៣រូប។

គោលបំណងចម្បងនៃការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដលនេះ​ដេីម្បី៖

១- ពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកផែនការ​ និងមន្ត្រីត្រួតពិនិត្យ​ និងវាយតម្លៃ​ ក្នុងការរៀបចំផែនការថវិកាសមិទ្ធកម្ម​ និងផែនការយុទ្ធសាស្ត្រថវិកា

២-​ ពង្រឹងយន្តការតាមដាន​ ត្រួតពិនិត្យ​ និងវាយតម្លៃ​ របស់អង្គភាពប្រតិបត្តិ​ សំដៅបង្កេីនប្រសិទ្ធភាពនៃការអនុវត្តថវិកាសមិទ្ធកម្ម​

៣- រៀបចំផែនការសកម្មភាពក្នុងការរៀបចំផែនថវិកាសមិទ្ធកម្មឆ្នាំ២០២៥​ និងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧

ជាកិច្ចចាប់ផ្ដើម​ ឯកឧត្ដម ផូ ផារិទ្ធ បានឡើងមានមតិស្វាគមន៍បើកអង្គសិក្ខាសាលាបណ្ដុះបណ្ដាល និងឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានស្នើសុំដល់សិក្ខាកាមត្រូវយកចិត្តទុកដាក់ចូលរួមឱ្យសកម្មក្នុងដំណើរការសិក្ខាសាលាបណ្តុះបណ្តាលដើម្បីឱ្យកម្មវិធីបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កា ប្រកបដោយគុណភាព ហើយអ្នកចូលរួមអាចយកចំណេះជំនាញទាំងនេះទៅបំពេញការងារតាមអង្គភាពរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

ដោយឡែកនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៤ ដែលជាថ្ងៃទី២ នៃអង្គសិក្ខាសាលាបណ្ដុះបណ្ដាល ឯកឧត្ដម រដ្ឋលេខាធិការក៏បានបន្តចូលរួមស្ដាប់បទបង្ហាញជាបន្តបន្ទាប់  និងអញ្ជើញចូលរួមបិទកម្មវិធីសិក្ខាសាលាបណ្ដុះបណ្ដាល នេះដែរ ដោយឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម បានបានផ្ដល់ជាអនុសាសន៍ណែនាំចំនួន៣ចំណុចដូចខាងក្រោម៖

១.មន្ត្រីជំនាញ ដែលតំណាងនាយកដ្ឋាន, តំណាងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្ត និងតំណាង ក្រុមការងារទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលបានរៀនសូត្រនេះ ទៅចែករំលែកដល់មន្ត្រីរបស់ខ្លួនបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាស មកក្រសួងមានភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

២.ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង៖ គោលបំណងគោលនយោបាយរបស់ក្រសួង, ចក្ខុវិស័យ និងកម្មវិធីអាទិភាពរបស់ក្រសួង ធ្វើយ៉ាងណាឱ្យមន្ត្រីក្នុងអង្គភាពរបស់ខ្លួនបានយល់ច្បាស់ពី ក្រសួងយើងមានគោលបំណងរបស់ក្រសួង ចក្ខុវិស័យរបស់ក្រសួង​ និងកម្មវិធីអាទិភាពរបស់ក្រសួង ពោលគឺគ្រប់គ្នាត្រូវដឹងច្បាស់ពីគ្រប់សកម្មភាព និងគ្រប់វិស័យ ក្នុងក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ

៣.ត្រូវផ្អែកលើមូលដ្ឋានច្បាស់លាស់ក្នុងការរៀបចំផែនការថវិកាប្រចាំឆ្នាំ ផែនការយុទ្ធសាស្ត្រ៣ឆ្នាំរំកិល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំ និងត្រូវធានាថាគ្រប់ការិយាល័យជំនាញទាំងអស់មានសកម្មភាព និងមានថវិកាប្រើប្រាស់ ដែលតម្រូវឱ្យរៀបចំផែនការប្រកបដោយភាពប្រាកដនិយម និងបរិយាប័ន្ន។

សិក្ខាសាលាបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃនេះ បានបញ្ចប់ប្រកបដោយភាពជោគជ័យ ប្រសិទ្ធភាពខ្ពស់ និងបរិយាកាសស្និទ្ធស្នាលក្រៃលែង។

photo 2024 04 04 21 50 48photo 2024 04 04 21 50 49photo 2024 04 04 22 28 57 2photo 2024 04 04 22 28 57photo 2024 04 04 22 28 58 2photo 2024 04 04 22 28 58 3photo 2024 04 04 22 28 58photo 2024 04 04 22 28 59photo 2024 04 04 22 31 56

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ