លោក ធីម សុធារ៉ា អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយអតីតមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដែលបានចូលនិវត្តន៍

ចែលរំលែក

ខេត្តពោធិ៍សាត់៖ នៅថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរ និងថ្នាក់ដឹកនាំនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងបានជូននូវវត្ថុអនុស្សាវរីយ៍ និងថវិកាដល់អតីតមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដែលបានចូលនិវត្តន៍ សរុបចំនួន១៦រូប ស្ត្រី១រូប។

 

លោកប្រធានមន្ទីរ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការ ក៏ដូចសេចក្តីនឹករលឹក និងក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានមានប្រសាសន៍ថា ពិធីសំណេះសំណាលនេះ គឺដើម្បីសម្តែងនូវការដឹងគុណ កតញ្ញុតាធម៌ ដល់មន្ត្រីរាជការមុនៗ ដើម្បីជាគំរូដ៏ល្អសម្រាប់ការអនុវត្តជាប្រពៃណីនៃការបន្តវេនដល់បងប្អូនមន្ត្រីរាជការក្រោយៗទៀត ។

 

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានជម្រាបជូនអង្គពិធី អំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ