ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ

ចែលរំលែក

ខេត្តតាកែវ ៖ នារសៀលថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សរុបចំនួន ៥៣នាក់។

 

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានរាយការណ៍ដោយលោក លីវ សំណាង រួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាពេលកន្លងមក។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានលើកឡើងអំពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

 

លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ជនបទ ដោយធ្វើយ៉ាងណាខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “លើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជននៅជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” អមដោយយុទ្ធសាស្រ្តអាទិភាពចំនួន ៤ ជាអាទិ៍ (ទី១) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (ទី២) កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (ទី៣) ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

 

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានផ្សព្វផ្សាយ និងណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តាកែវ អនុវត្តឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ដ៏ឧត្តុងឧត្តមចំនួន ១៣ចំណុច របស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

 

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់មន្ទីរ ដូចខាងក្រោម៖

 

១. មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់រាល់ការដឹកលើសទម្ងន់កម្រិត នៅលើផ្លូវជន ដើម្បីធានាថាផ្លូវជនបទ អាចប្រើប្រាស់បានយូរ

 

២. មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ឱ្យចូលរួមជួយថែរក្សា និងទប់ស្កាត់ការចាក់ដីលុបតួផ្លូវ ដែលនាំឱ្យផ្លូវជនបទ ងាយខូចខាត

 

៣. មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបន្តសហការជាមួយប្រជាពលរដ្ឋ ក្នុងការផ្លាស់ប្តូរទម្លាប់រស់នៅ ដើម្បីឱ្យទទួលបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសវាល (PDF) គ្រប់ក្រុង ស្រុក នៃខេត្តតាកែវ

 

 

៤. ត្រូវមានការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដើម្បីធានាប្រសិទ្ធភាពការងារ ពិសេសត្រូវយកចិត្តទុកដាក់ចំពោះមន្រ្ដីមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

 

កិច្ចប្រជុំខាងលើ បានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ