ឯកឧត្តម អ៊ុក ពញ្ញា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការជាតំណាងមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គការដៃគូ សរុបចំនួន ៥៣នាក់។
ជាកិច្ចចាប់ផ្តើម លោក លឹម ជាវហាវ ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ មានមតិស្វាគមន៍ និងអានរបាយការណ៍វឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅបន្តការងារត្រីមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកប្រធានមន្ទីររួចមក ឯកឧត្តម អ៊ុក ពញ្ញា បានមានមតិសំណេះសំណាល និងផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំង១៣ចំណុច ដើម្បីឱ្យមន្រ្តីរាជការអនុវត្តទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕