ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំក្រុមការងារបរិវត្តកម្មឌីជីថល ជួបប្រជុំជាមួយបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបរិវត្តកម្មឌីជីថល ជួបប្រជុំជាមួយលោក ឡេង មុន្នី អនុប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល ដើម្បីពិភាក្សាពាក់ព័ន្ធទៅនឹងកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថលដល់មន្រ្តីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមអនុស្សារណៈនៃការយោគយល់ រវាងក្រសួងរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអភិវឌ្ឍន៍ជនបទ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម ៖

 

១. ក្រុមការងារនៃនាយកដ្ឋានហេដ្ឋរចនាសម្ព័ន្ធក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការជាមួយ ក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចុះពិនិត្យជាក់ស្តែងពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបណ្តាញអ៊ីនធឺណេតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងសម្ភារៈបរិក្ខារព័ត៌មានវិទ្យា ដែលបាននឹងកំពុងប្រើប្រាស់ ព្រមទាំងល្បឿនអុីនធឺណេតផងដែរ។ ក្នុងករណីរកឃើញថាមានបញ្ហាមិនប្រក្រតី ខាងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជួយរៀបចំកែសម្រួលជូន។

 

២. ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា

ឌីជីថល ដល់មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ៖ ដោយសារក្រសួងស្ថាប័នផ្សេងក៏មានតម្រូវការបណ្តុះបណ្តាលមន្រ្តីដូចគ្នា ដូច្នេះ ខាងវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG) នឹងទទួលសិក្ខាកាម ជាបឋម ពីក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ១០០នាក់ សម្រាប់ធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈការធ្វើតេស្តមុនពេលចូលរៀន ដើម្បីធានាថាពួកគាត់អាចទទួលបានការជួយបណ្តុះបណ្តាលសម្រាប់ (១) កម្រិតជំនាញឌីជីថលមូលដ្ឋាន (២) កម្រិតជំនាញឌីជីថលមធ្យម និង (៣) កម្រិតជំនាញឌីជីថលជាន់ខ្ពស់៕

Share your thoughts