ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែនកោះធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ចែលរំលែក

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែនកោះធំ ដែលស្ថិតនៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

 

មន្ទីរពេទ្យតេជោសែនកោះធំបានចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ និងបានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ប្រើរយៈពេលសាងសង់ជាង ១៨ខែ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើប ។

 

មន្ទីរពេទ្យសាងសង់លើផ្ទៃដីទំហំជាង ១ម៉ឺន ៤ពាន់ម៉ែតក្រឡា ដោយចែកចេញជា ៣អគារ មានកម្ពស់ពី២ ទៅ ៣ ជាន់ចំណាយ ថវិកាសាងសង់អគារ និងបំពាក់សម្ភារ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារអាមេរិកដែលទ្រទ្រង់ដោយថវិកាផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលបានផ្ដើមគំនិតចាត់ចែងសាងសង់ និងអំពាវនាវអំណោយពីសប្បុរសជនក្នុងនិងក្រៅប្រទេស និងជំនួយបច្ចេកទេសស្ថាបត្យកម្មប្លង់សាងសង់តាមនិយាមអន្តរជាតិដោយក្រុមការងារមន្ទីរពេទ្យកាល់ម៉ែត ។

 

មន្ទីរពេទ្យមានគ្រែសរុប ១៧៩គ្រែ ក្នុងនោះគ្រែមាន ២មុខងារ សម្រាប់ជំងឺធម្មតា ១៦៣គ្រែ និងគ្រែ មាន៥ មុខងារ សម្រាប់ជំងឺធ្ងន់ និងក្រោយវះកាត់ ១៦គ្រែ។ មន្ទីរពេទ្យនេះនឹងក្លាយជាមន្ទីរពេទ្យដើរតួនាទីដ៏សំខាន់ក្នុងការ ផ្តល់សេវាសុខាភិបាល សាធារណៈជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើក ដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ