ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ នឹងប្រកាសទទួលស្គាល់ជាផ្លូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
- ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រះសីហនុ ៖ នាថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃនប់ បានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការឃុំទាំង១៥ និងភូមិទាំង៦៥ នៃស្រុកព្រៃនប់ បានបញ្ចប់ទាំងស្រុងការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលក្នុងនោះមានឃុំចំនួន៦ ទទួលបាន ODF+ និង ៩ឃុំទៀត ទទួលបាន ODF ។ ចំពោះថ្នាក់ភូមិ មានចំនួន៣១ ទទួលបាន ODF+ និង ៣៤ភូមិទៀត ទទួលបាន ODF ។
ពិធីប្រកាសនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក អ៊ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធាន PWG ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ លោក តោ មុនីសាក់ ប្រធានមន្ទីរផែនការខេត្ត លោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ លោក សេក សាវ៉ុន ប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ផងដែរ។
ក្នុពិធីនេះផងដែរ គណអធិបតី បានចែកវិញ្ញាបនបត្រជ័យលាភីជូនដល់ឃុំទាំង១៥ និងភូមិទាំង៦៥ ព្រមទាំងបានអញ្ជើញទៅធ្វើការផ្ទៀងផ្ទាត់ស្ថានភាពទឹកស្អាត និងអនាម័យ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ តាមសាលារៀន និងមណ្ឌលសុខភាព ក្នុងស្រុកព្រៃនប់។
ក្រោយពីចុះពិនិត្យ និងផ្ទៀងផ្ទាត់រួចមក ក្រុមការងារបានសម្រេចទទួលស្គាល់ស្រុកព្រៃនប់ទាំងមូល បានបញ្ចប់ទាំងស្រុង ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នឹងរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះ ។
សូមបញ្ជាក់ផងដែរថា ស្រុកព្រៃនប់ មានប្រជាជន ២៦ ៤៤៣ គ្រួសារ ស្មើនឹង ២៤ ៦៣៦ ខ្នងផ្ទះ។ ខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់សរុប ២៣ ១៩៣ ខ្នងផ្ទះ ស្មើនឹង ៩១.៥៩%៕