មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល រៀបចំពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្រោមអធិបតីភាព លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានរៀបចំពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្រោមអធិបតីភាព លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវ ហ៊ុន កុសនី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ព្រមទាំងគ្រួសាររបស់ ថ្នាក់ដឹកនាំ និងមន្រ្តី រួមទាំងសន្តិសុខ អ្នកអនាម័យ និងតៃកុងឡានផងដែរ សរុបអ្នកចូលរួម ៥៧ នាក់ ស្ត្រី ២៥នាក់។

 

គោលបំណងជារួមនៃការប្រារព្ធពិធីនេះឡើង ដើម្បីរំលឹកពីការតស៊ូ ទាមទារសិទ្ធិសេរីភាព ស្មើគ្នា និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។ ក្នុងនោះមន្ទីរក៏មានបំណងក្នុងការលើកទឹកចិត្ត និងរំលឹកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការជាស្ត្រី ដែលបានបំពេញការងារយ៉ាងសកម្មជូនមន្ទីរសម្រេចបានលទ្ធផលការងារជោគជ័យជាទីមោទនៈ។

 

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានមានប្រសាសន៍ផងដែរថា បញ្ហាយេនឌ័រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងចាត់ទុកជាការងារអាទិភាព និងជាយុទ្ធសាស្រ្ត និងបញ្ចូលទៅក្នុងគោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗរបស់ជាតិ។ ដោយឡែកមន្ទីរអភិវឌ្ឍន៍ជនបទ បាននឹងកំពុងចូលរួមលើកកម្ពស់សមភាពយេនឌ័រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំរុញដល់មន្រ្តីរាជការជាស្រ្តី ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗ ជាច្រើន ដើម្បីមានឱកាសក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

 

ក្នុងឱកាសនោះផងដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអានព្រះរាជសារសម្តេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ជូន ឯកឧត្តម លោកជំទាវ គណៈអធិបតី លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សមាជិក សមាជិកាអង្គពិធីទាំងមូល។

 

បន្ទាប់មក លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ  បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងអង្គភាព ក៏ដូចជាការសម្របសម្រួល ការចូលរួមជាមួយរដ្ឋបាលខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងអ្នកពាក់ព័ន្ធនានា។ ជាពិសេសការជំរុញលើកកម្ពស់ការចូលរួមរបស់មន្រ្តីរាជការជាស្រ្តីនៅក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលបាននាំមកនូវជោគជ័យយ៉ាងច្រើនសម្រាប់អង្គភាព។

 

លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា បញ្ហាសមភាពយេនឌ័រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពនានា នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ជាពិសេសតួនាទីរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេច និងធ្វើឱ្យស្រ្តីទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍ ការផ្តល់សេវាសាធារណៈ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសមធម៌ និងបរិយាបន្ន។

 

ជាចុងក្រោយ លោកជំទាវ ឯកឧត្តមគណអធិបតី បានជូនវត្ថុអនុស្សាវរីយ៍និងបាច់ផ្កាដ៏ស្រស់ស្អាត រួមជាមួយថវិកាមួយចំនួន ជូនថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងស្រ្តី និងបុរស សរុប ៥៥នាក់។

 

កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ ស្នាលប្រកបដោយភាតរភាព៕

Share your thoughts