![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 7 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួម កម្មវិធីជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ ស្ថាប័នរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ២០២៤
- ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
![លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួម កម្មវិធីជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ ស្ថាប័នរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ២០២៤ 2 photo 2024 03 05 14 43 05](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-03-05_14-43-05-1000x750.jpg)
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួម កម្មវិធីជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ ស្ថាប័នរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ២០២៤ ។ កម្មវិធីនេះ ដឹកនាំដោយលោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ដែលមានស្ត្រីថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងស្ត្រីមកពីវិស័យឯកជន ក្រុមហ៊ុន សិល្បៈករ សមាគមន៍ ចំនួន២៥០នាក់។
លោកជំទាវរដ្ឋមន្ត្រី បានធ្វើរបាយការណ៍ វឌ្ឍនភាពការងារអំពីសមភាពយេនឌ័រជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធាន រដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដោយសង្កត់ធ្ងន់ទៅលើបរិវត្តកម្មយេនឌ័រ ដែលកម្ពុជាមានកាតព្វកិច្ចធ្វើរបាយការណ៍ជាតិទៅអង្គការសហប្រជាជាតិក្នុងរយៈពេល៥ឆ្នាំម្តង ហើយទទួលអនុសាសន៍ ៥៧ ចំណុច ដែលទាមទារក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាព។
លោកជំទាវ ក៏បានជម្រាបអង្គពិធី អំពីកិត្តិយសដែលប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១២៣ ប្រទេស លើកាបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងសន្ទរកថា ដោយគាំទ្រទាំងស្រុងក្នុងការបន្តអនុវត្តបានយ៉ាងហ្មឺងម៉ាត់ និងតាមដានលើវឌ្ឍនភាពសិទ្ធិស្ត្រី ព្រមទាំងសមភាពយេនឌ័រតាមរយៈអនុសញ្ញា ស៉ី-ដ ក៏ដូចការគាំទ្រដល់យុទ្ធសាស្ត្រទាំង៦ ដែលបានរំលេច នៅក្នុងផែនការនារីរតនៈទី៦ រួមមាន ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ការលើកកម្ពស់ការអប់រំរបស់ស្ត្រី និងក្មេងស្រី ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី កិច្ចការពារផ្លូវច្បាប់សំរាប់ស្ត្រីនិងក្មេងស្រី ការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ និងការបញ្ជ្រាបយេនឌ័រ ព្រមទាំងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងកម្មវិធីប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។ឯកឧត្តមក៏បន្តសង្កត់ធ្ងន់ លើការអនុម័តច្បាប់ជាង៧០០ ក្នុងនោះរដ្ឋសភាបានគូសបញ្ជាក់ថា ច្បាប់ដែលបានអនុម័តមានលក្ខណៈទូលាយនិងគ្របដណ្តប់ក្នុងការបញ្ជ្រាបយេនឌ័រ នៅក្នុងគោលនយោបាយសាធារណៈ និងច្បាប់ដែលគិតពីបញ្ហាប្រឈមរបស់ស្ត្រីផងដែរ។រដ្ឋសភាកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុយេនឌរ័ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និង អន្តរជាតិនានា។
ចុងក្រោយឯកឧត្តម បានគាំទ្រនិងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងកិច្ចការនារី មេត្តាបន្តជំរុញការរៀបចំ និងអនុវត្តគោលនយោបាយ ក៏ដូចជាវិធានការនានា ដែលបង្កលក្ខណៈអោយក្មេងស្រី និងស្ត្រីទទួលបានឱកាសពេញលេញនៅក្នុងការកសាងសមត្ថភាព ការធ្វើអោយមានតុល្យភាពរវាងការទទួលខុសត្រូវ ក្នុងផ្ទះ និងការងារក្រៅផ្ទះរបស់ស្ត្រីនិងបុរស អោយកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍សង្គមជាតិទាំងមូលរបស់កម្ពុជាយើង។