ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ អញ្ជើញចុះពង្រឹងការអនុវត្តផែនការសកម្មភាព និងផែនការថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ជូនដល់មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

ចែលរំលែក

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពង្រឹងផែនការកាងារអនុវត្តសកម្មភាព និង​ផែនការថវិកា លើ​ការ​ងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ក្រោមអធិបតីភាព ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំផ្សព្វផ្សាយនេះផងដែរ បានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ លោក សំ រដ្ឋា អគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោក អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរ លោកប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រី មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ សរុប ២០រូប។

 

ជាកិច្ចចាប់ផ្តើម លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ បានឡើងមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី តាមរយៈឯកឧត្តម រដ្ឋលេខាធិការ ដែលកន្លងមក តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់មន្ត្រីរាជការរបស់មន្ទីរ តាមរយៈការចុះមកសំណេៈសំណាលដោយផ្ទាល់ និងបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីនានារបស់ក្រសួង ដល់មន្ត្រីរាជការ ពិសេសការផ្សព្វផ្សាយកម្មវិធីអាទិភាពទាំងបួន របស់ក្រសួងនាពេលកន្លងទៅ។

 

បន្ទាប់ពីបានស្តាប់មតិស្វាគមន៍ របស់លោកប្រធានមន្ទីរ ស្តីពីរបាយការណ៍សកម្មភាពលើការងារជនជាតិដើមភាគតិចរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានបន្តលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអនុញ្ញាតឱ្យមានកាចូលរួមយោបល់ ពិភាក្សា រវាងមន្ទីអភិវឌ្ឍន៍ជនបទ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការងារអនុវត្តផែនការសកម្មភាព និងផែនការថវិកា ដើម្បីរកចំណុចខ្វះខាត ការលំបាក និងការគាំទ្រ ។

 

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ  បានផ្តាំផ្ញើទៅថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ រួមមាន៖

 

១. សូមឱ្យថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការតាមការិយាល័យជំនាញនីមួយៗ ពិនិត្យមើលសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីដាក់ចូលផែនការ។

 

២. ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ឱ្យស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។

 

៣. ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ យកចិត្តទុកដាក់ខ្ពស់ចំពោះបច្ចេកវិទ្យាឌីជីថល ដែលជាបរិបទថ្មី ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់។

 

៤. មន្ត្រីរាជការទាំងអស់ត្រូវចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជាស្តីពី ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

 

៥. ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ត្រូវយល់ដឹងតួនាទីភារកិច្ចចំពោះកម្មវិធីអាទិភាពទាំងបួន របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

៦. ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ ត្រូវសហការជាមួយមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុខេត្ត សុំការងារគាំទ្រ នឹងជួយបំពេញបន្ថែមគ្នាទៅវិញទៅមក លើកាងាររៀបចំផែនការថវិកា ពិសេសការអភិវឌ្ឍន៍ និងការអភិរក្សជនជាតិដើមភាគតិច។

 

៧. ជួយផ្សព្វផ្សាយ Like និង Share ព្រមទាំងផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាស កិច្ចសហប្រតិបត្តិការល្អ និងមានភាពស្និទ្ធស្នាលបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ