ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី យន្តការក្នុងការជម្រុញឱ្យមានកិច្ចសហការល្អរវាងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាស្ដីពី យន្តការក្នុងការជម្រុញឱ្យមានកិច្ចសហការល្អរវាងមន្ទីរអភិវឌ្ឍន៍ជនបទ ទាំង ២៥រាជធានី-ខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម អនុរដ្ឋលេខាធិការ  អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដោយផ្ទាល់ និងតាមប្រព័ន្ធZoom សរុបចំនួន ៤១នាក់ ស្រី ៧នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានសម្ដែងការស្វាគមន៍ ចំពោះសមាជិក សមាជិការអង្គប្រជុំ ដែលបានអញ្ជើញមកដោយផ្ទាល់ និងតាមប្រព័ន្ធ zoom និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទជាមួយអង្គការក្រៅរាជរដ្ឋាភិបាលលើវិស័យអភិវឌ្ឍន៍ជនបទ និងបានផ្ដល់វេទិកាជូនអង្គប្រជុំ។

តាមរយៈរបាយការណ៍របស់ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា ៖ អង្គការក្រៅរដ្ឋាភិបាល (NGO ) ដែលកំពុងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នមាន ចំនួន៤៤ ក្នុង នោះ មាន (NGO) បរទេសចំនួន ៣៣ និង (NGO) ក្នុងស្រុកចំនួន១១ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងកិច្ចពិភាក្សារបស់អង្គប្រជុំរួចមក ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ បានថ្លែងថា ៖ អង្គការដែលកំពុងធ្វើសកម្មភាពក្នុងវិស័យអភិវឌ្ឍន៍ជនបទ ស្របតាមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះមាន៖

– កម្មវិធីទី ១ មានចំនួន ១អង្គការ

– កម្មវិធីទី ២ មានចំនួន ២៧អង្គការ

– កម្មវិធីទី ៣ មានចំនួន ១៧អង្គការ

– កម្មវិធីទី ៤ មានចំនួន ១អង្គការ។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោមនេះ ៖

១• គ្រប់មន្ទីររាជធានីខេត្ត ត្រូវបង្កលក្ខណៈងាយស្រួលដល់អង្គការដែលកំពុងបំពេញបេសកកម្មរបស់ខ្លួនលើវិស័យអភិវឌ្ឍន៍ជនបទ ពិសេសពិនិត្យប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ( CA)

២• មន្ទីរត្រូវសហការ និងពន្លឿននីតិវិធីរបស់ខ្លួនដល់អង្គការ ដែលបានស្នើសុំការគាំទ្រ

៣• ថតចម្លងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ជាមួយអង្គការ ជូនមន្ទីរអភិវឌ្ឍន៍ជនបទតាមខេត្តគោលដៅ

៤• ចុះពិនិត្យ និងផ្ទៀងផ្ទាត់ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទតាមខេត្តគោលដៅ ពីលទ្ធផលនៃការ អនុវត្ត កិច្ច ព្រមព្រៀង រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការមិនមែនរដ្ឋាភិបាល

៥• រាល់កិច្ចប្រជុំកិច្ចការងារអង្គការមិនមែនរដ្ឋាភិបាលសំខាន់ៗ ត្រូវមានវត្តមានថ្នាក់ដឹកនាំទទួលបន្ទុក មន្ត្រីជំនាញ និងមន្ត្រីពាក់ពន្ធ័ទាំងអស់ ជាពិសេសខាងមន្ទីរតាមខេត្តគោលដៅ

៦• ផ្សព្វផ្សាយ និងបញ្ជ្រាបផែនការយុទ្ធសាស្ត្រ ព្រមទាំងកម្មវិធីនានារបស់ក្រសួង

៧• បង្វែរការធ្វើសកម្មភាព និងការអនុវត្តគម្រោងស្របតាមម្ចាស់ជំនួយ ឱ្យទៅជាសកម្មភាពស្របតាមគោលនយោបាយ និងកម្មវិធីរបស់ក្រសួងវិញ

៨• ធ្វើសកម្មភាពលើខេត្តគោលដៅណា ដែលនៅមានអត្រាទឹកស្អាត និងអនាម័យទាប ស្របតាមការចង់បានរបស់ក្រសួង

៩-ត្រូវបង្វែរការអនុវត្តគម្រោងរបស់អង្គការឱ្យស្របទៅនឹងកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង និងត្រូវអនុវត្តនៅតំបន់ណាដែលមិនទាន់មានសក្ដានុពលក្នុងការអភិវឌ្ឍ។

១០-មន្ទីរអភិវឌ្ឍន៍ជមបទ រាជធានី ខេត្ត ជួយចូលរួមគៀងគររកសប្បុរសជន អង្គការជាដៃគូ ដើម្បីជួយគាំទ្រក្នុងការរៀបចំភូមិគំរូនៅតាមខេត្តគោលដៅ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ