ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំកិច្ចប្រជុំ តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងទិសដៅការងាខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
- ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពត៖ នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងទិសដៅការងាខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។
បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ ២០២៤ ដោយលោក ហ៊ សូរិន ប្រធានមន្ទីររួចមកឯកឧត្តមគណៈអធិបតី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖
– ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទី ភារកិច្ច និងគ្រប់គ្រងវត្តមានប្រចាំថ្ងៃ ឱ្យស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈ នៃមន្ត្រីរាជការស៊ីវិល
– ត្រូវយកចិត្តទុកដាក់ខ្ពស់អភិវឌ្ឍសមត្ថភាពជាពិសេសបច្ចេកវិទ្យាឌីជីថលដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ដើរទាន់សម័យកាល
– ត្រូវចូលរួមគាំទ្រឱ្យពេញទំហឹងចំពោះ បទបញ្ជាស្ដីពី ការដាក់ចេញវិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
– ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តកម្មវិធីអាទិភាពទាំងបួនរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
– ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តការងារបន្ទាន់ ឱ្យមានប្រសិទ្ធភាពខ្ពស់ដែលក្រសួងដាក់ចេញ
– មន្ទីរត្រូវសហការជាមួយ អាជ្ញាធរមូលដ្ឋានក្នុងការជួយទប់ស្កាត់រថយន្តដឹកលើសទម្ងន់ និងណែនាំប្រជាពលរដ្ឋកុំឱ្យចាក់ដីខ្ពស់ជាងផ្លូវ ដោយគ្មានលូរំដោះទឹក
– មន្ទីរ គួរសុំគោលការណ៍ឯកភាព ពីអភិបាលស្រុក / ខេត្ត ធ្វើរបាំងការពាររថយន្តធំៗដែលលើផ្លូវជនបទ
– បន្ដចែករំលែក ការផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសកម្មភាពរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
– ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យជំនាញត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍន៍ភូមិគំរូ
– ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តការងារផ្លូវជនបទតាមផែនការមេផ្លូវជនបទ៕