ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាជូនសិក្ខាកាម ឆ្នាំ២០២៣ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង
- ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៣:២២ ល្ងាច
- សកម្មភាពក្រសួង
ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាជូនសិក្ខាកាម ឆ្នាំ២០២៣ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង។
ពិធីនេះត្រូវបានរៀបចំឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ នៃនាយកដ្ឋាន
បណ្តុះបណ្តាល និងស្រាវជ្រាវ លោក សំ នីតូ ប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ
នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ខេត្តស្វាយរៀង ព្រមទាំងសិក្ខាកាម ដែលបញ្ចប់ការសិក្សា ឆ្នាំ២០២២ និងឆ្នាំ២០២៣ ព្រមទាំងសិក្ខាកាមថ្មី ឆ្នាំ២០២៤ សរុបចំនួន៦៤ នាក់ ស្រី២០ នាក់ ។
សូមបញ្ជាក់ថា សិក្ខាកាមដែលទទួលវិញ្ញាបនបត្រនៅពេលនេះបានឆ្លងកាត់ការ
បណ្ដុះបណ្ដាល និងបានប្រឡងជាប់ជាស្ថាពរក្នុង ឆ្នាំ២០២២ លើមុខជំនាញ
ជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូច ចំនួន១៥ នាក់ និងវគ្គកុំព្យូទ័ររដ្ឋបាលចំនួន១៤ នាក់ ស្រី១០ នាក់ ក្នុងឆ្នាំ២០២៣ លើមុខជំនាញជួសជុលបរិក្ខាម៉ាស៊ីនត្រជាក់ ចំនួន១៣ នាក់ និងវគ្គកុំព្យូទ័ររដ្ឋបាល ចំនួន១៤ នាក់ ស្រី៧ នាក់។
ដោយឡែកសិក្ខាកាមដែលបានចុះឈ្មោះចូលរៀនក្នុង ឆ្នាំ២០២៤នេះ លើជំនាញ កាត់សក់បុរស និងវគ្គកុំព្យូទ័ររដ្ឋបាល សរុបចំនួន២០ នាក់។
ឆ្លៀតក្នុងឱកាសនេះឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់ សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិក្ខាកាមទាំងអស់ដែលបាននឹងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ដស្វាយរៀង។
ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបដែលបានបញ្ចប់ការ សិក្សាក្នុង ឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវយកចំណេះជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់តាម រយៈការប្រកបមុខរបរផ្ទាល់ខ្លួន ឬប្រកបការងារផ្សេងៗនិងត្រូវខិតខំសិក្សាស្វែងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ធានាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ផ្គង់ផ្គង់គ្រួសាររៀងៗខ្លួន។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមដែលទើបចូលសិក្សាវគ្គថ្មី ឆ្នាំ២០២៤ ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីជំនាញបច្ចេកទេស
ឱ្យបានច្បាស់លាស់ ដោយត្រូវមកសិក្សាឱ្យបានទៀងទាត់ទាន់ពេលវេលានិងត្រូវខិតខំចូលរួមអនុវត្តផ្ទាល់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ ឧទ្ទេសដើម្បីប្រឡងបញ្ចប់ដោយជោគជ័យទទួលបាននិទ្ទេសល្អព្រមទាំងទទួលបានជំនាញច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតទៅកាន់ថ្ងៃអនាគត៕