មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ បើកវគ្គបណ្តុះបណ្តាលស្តីពី “ព័ត៌មានវិទ្យាក្នុងរដ្ឋបាលសាធារណៈ”

ចែលរំលែក
photo 2024 02 21 12 12 41

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ព័ត៌មានវិទ្យាក្នុងរដ្ឋបាលសាធារណៈ” រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហ៊ុន ប៊ុនរ៉ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ជូនដល់មន្ត្រីរាជការដែលមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងមន្ត្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ សរុបចំនួន៤០នាក់ ក្នុងនោះក៏មានការចូលរួមជាគណអធិបតីពីលោកបណ្ឌិត ហែម លីណា ព្រឹទ្ធបុរសរងសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំផងដែរ។

 

វគ្គបណ្តុះបណ្តាលខ្លីនេះ មានគោលបំណងសំខាន់ៗចំនួន៣៖

 

១.  ផ្តល់ចំណេះដឹងអំពីការប្រើប្រាស់ និងបង្កើតទម្រង់ប្រមូលព័ត៌មាន និងទិន្នន័យតាមដូចជា ការបង្កើតកម្រងសំណួរតាមរយៈ QR-Code ការផ្ទុកព័ត៌មានក្នុង Google Drive ជាដើម។

 

២. ផ្តល់ចំណេះដឹងអំពីការផលិត និងការរចនា Posterផ្សព្វផ្សាយ ការរចនានៃការធ្វើបទបង្ហាញ (Presentation Template)  ការបង្កើតវីដេអូខ្លីៗ និងការរចនាទម្រង់ពិភាក្សាក្រុមរហ័ស។

 

៣. ផ្តល់ចំណេះដឹងអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាបឋមក្នុងរដ្ឋបាលសាធារណៈ។

 

ក្នុងរយៈពេលពីរថ្ងៃនេះ សិក្ខាកាមទាំងអស់នឹងអនុវត្តផ្ទាល់លើមេរៀនចំនួន៨រួមមាន៖ មេរៀនទី១៖ បទបង្ហាញអំពី Google Workspace បង្ហាញដោយ លោក ឃុត ប៊ុនថុល នាយករង CKRDC។  មេរៀនទី២៖ ការបង្កើតថ្មី (កម្មវិធី Picker Wheel) បង្ហាញដោយ លោក យឹម សុភា។ មេរៀនទី៣៖ ការអប់រំផ្លូវចិត្ត និងសមាធិ បង្ហាញដោយ លោក លាង ប៊ុនហាក់។ មេរៀនទី៤៖ បទបង្ហាញអំពីការប្រើប្រាស់ Google Driveបង្ហាញដោយ លោក ចំរើន ម៉ានិត។ មេរៀនទី៥៖ បទបង្ហាញអំពីការប្រើប្រាស់ Google Form បង្ហាញដោយ លោក ផង់ ម៉ៃ។ មេរៀនទី៦៖ បទបង្ហាញអំពីការប្រើប្រាស់កម្មវិធី Mentimeter បង្ហាញដោយ លោក សន រដ្ឋា។ មេរៀនទី៧៖ ការបង្កើតបទយកការណ៍ និងករណីសិក្សា បង្ហាញដោយ លោក ម៉ែន ប៊ុនធា អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងមេរៀនទី៨៖ របៀបប្រើប្រាស់កម្មវិធីរចនា (CANVA) និងរចនាវីដេអូ Capcut បង្ហាញដោយ លោក ហ៊ុន ប៊ុនរ៉ា នាយក CKRDC។

 

សូមបញ្ជាក់ថា នេះជាវគ្គទី២ហើយក្នុងឆ្នាំ២០២៤ ដែលមជ្ឈមណ្ទលបានរៀបចំវគ្គបណ្តុះបណ្តាលខ្លី ស្របតាម ផែនការសកម្មភាពថវិកា និងសកម្មភាពការងាររបស់ខ្លួនជូនដល់សហគមន៍ និងមន្ត្រីរាជការក្នុង គោលបំណង ជំរុញការបង្កើតការងារ និងមុខរបរនៅជនបទ ការជំរុញសកម្មភាពសេដ្ឋកិច្ចគ្រួសារ និងទីផ្សារនៅជនបទ ការបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញអាជីព ដែលបានរួមចំណែក និងចូលរួមក្នុងពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានវត្តន៍ការងារបែបឌីជីថលឱ្យកាន់តែប្រសើរ៕

photo 2024 02 21 12 12 25 2photo 2024 02 21 12 12 25photo 2024 02 21 12 12 30photo 2024 02 21 12 12 37photo 2024 02 21 12 12 39 2photo 2024 02 21 12 12 39photo 2024 02 21 12 12 41photo 2024 02 21 12 12 42photo 2024 02 21 12 12 44photo 2024 02 21 12 12 45

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ