ឯកឧត្តម លី ណារុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារ ខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
- ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារ ខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។
ចូលរួមក្នុងកិច្ចប្រជុំនេះមាន ថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធានការិយាល័យ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាសរុបចំនួន ២៤រូប ស្ត្រី ៣រូប។
ជាកិច្ចចាប់ផ្តើមលោក តាន់ វាសនា ប្រធានមន្ទីរស្តីទី បានសម្ដែងការស្វាគមន៍គណៈអធិបតី និងបានអានរបាយការណ៍ពីសកម្មភាព និងលទ្ធផលការងារប្រចាំខែកុម្ភៈ ដែលការិយាល័យជំនាញនីមួយៗសម្រេចបាន ។
បន្ទាប់មក ឯកឧត្តម លី ណារុន បានមានប្រសាសន៍ដោយបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹកពីសំណាក់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះអង្គប្រជុំ និងបានប្រគល់វេទិកាជូនទៅការិយាល័យទាំង ១០ ធ្វើសេចក្ដីរាយការណ៍ពីសកម្មភាពការងារដែលបានអនុវត្តនាពេលកន្លងមក និងបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ។
បន្ទាប់ពីបានស្តាប់ របាយការណ៍របស់ការិយាល័យរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងការិយាល័យជំនាញរបស់មន្ទីរ និងបានផ្តល់អនុសាសន៍ ណែនាំសំខាន់ៗសម្រាប់ខែបន្ទាប់ចំនួន ៥ចំនុច ដូចខាងក្រោមនេះ ៖
១- ត្រូវបន្តថែរក្សាសមិទ្ធផលដែលសម្រេចបាន និងបន្តអនុវត្តការងារថ្មីៗបន្ថែមទៀត ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
២- ត្រូវឈរលើស្មារតីបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ
៣- ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ដោយត្រូវសហការឱ្យបានល្អជាមួយបណ្តាមន្ទីរ អង្គភាព និងអង្គការដៃគូអភិវឌ្ឍន៍នានា
៤- ត្រូវបង្កើនការផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបាន និងត្រូវជម្រុញឲ្យក្រុមការងារអ្នកនាំពាក្យរបស់មន្ទីរ ផ្ដល់ និងបញ្ជូនព័ត៌មានឲ្យបានរហ័ស និងមានប្រសិទ្ធភាព
៥- ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងត្រូវបន្តយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការមានពិការភាព និងមន្រ្តីរាជការជាស្រ្តី។
សូមបញ្ជាកថា៖ បន្ទាប់ពីអង្គប្រជុំបានបញ្ចប់ ឯកឧត្តម លី ណារុន បានដឹកនាំក្រុមការងាររបស់មន្ទីរ ជួបពិភាក្សាការងារមួយចំនួន ជាមួយ ឯកឧត្តមអភិបាល នៃគណៈអភបាលខេត្តកំពង់ធំ ដើម្បីជម្រុញការងារ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ទៅដល់ថ្នាក់ស្រុក ឃុំ ដើម្បីសម្រេចបានតាមផែនការរបស់ក្រសួង។
នៅពេលរសៀលថ្ងៃដដែលនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ អមដំណើរដោយលោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងមន្រ្តីបច្ចេកទេសគម្រោង ព្រមទាំងលោក មេឃុំ បានចុះទៅពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ(DBST) ០១ខ្សែ ប្រវែង ១២ ៤០០ម៉ែត្រ របស់គម្រោងការប្រគួតប្រជែងខ្សែច្រវ៉ាក់ និងលើកកម្ពស់តម្លៃកសិកម្ម (ACSEP) តភ្ជាប់ពីផ្លូវជាតិ៦២ ត្រង់ចំណុចក្នុងភូមិសាលាវិស័យ ដល់ភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ជាលទ្ធផលសម្រេចបានប្រមាណ ៥៥%ហើយ ៕