ក្រុមការងារអនុវត្តគម្រោងឥណទាន នៃក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឥណទានប្រចាំឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤
- ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៤:៤២ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកែប ៖ នាថ្ងៃសុក្រ៧កើត ខែមាឃ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារអនុវត្តគម្រោងឥណទាន នៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឥណទានប្រចាំឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ ដែលពិធីបើកប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ និងពិធីបិទប្រព្រឹត្តទៅក្រោមអធិបតីភាព អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីអង្គភាពអនុវត្តគម្រោងទាំង១៥ខេត្ត សរុបចំនួន ៤៦នាក់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើរបាយការណ៍ប្រចាំឆ្នាំ២០២៣ ពិនិត្យស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយដ៏សមស្របទៅនឹងបរិបទ នាពេលបច្ចុប្បន្ន និងនាពេលបន្ទាប់ ព្រមជាមួយបង្កើនកិច្វសហការជាមួយអង្គការដៃគូ អង្គការរ៉ាឆា (Racha) និងរៀបចំផែនការសកម្មភាពអនុវត្តការងារបន្ត។
នៅក្នុងឱកាសនៃពិធីបិទ ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ បានផ្ដល់នូវអនុសាសន៍ផ្ដាំផ្ញើរដល់សិក្ខាកាមដែលបានចូលរួមដូច ខាងក្រោមនេះ៖
– ពិនិត្យ និងរៀបចំគោលនយោបាយគាំទ្រសម្រាប់ការងារឥណទានក្នុងការអនុវត្តបន្ត
– ពិនិត្យរៀបចំកែសម្រួលយន្តការរចនាសម្ព័ន្ធគ្រប់គ្រង លើគោលការណ៍ផ្ដល់ឥណទាន និងធ្វើនិយ័តកម្មការងារមួយចំនួនរបស់គម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យមានប្រសិទ្ធភាពខ្ពស់
– ត្រូវពង្រឹង និងជំរុញប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
– ផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីអនុវត្តគម្រោងលើការងារឥណទាន ការប្រតិបត្តិការហិរញ្ញវត្ថុ ការងាររដ្ឋបាល និងកិច្ចបញ្ជីការគណនេយ្យ
– ពង្រឹងការផ្ដល់សេវាឥណទានជូនប្រជាពលរដ្ឋ ដោយតម្លាភាព និងរហ័ស៕