ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបន្ដអនុវត្តផែនការមេ និងការព្យាករណ៍ផែនការមេផ្លូវជនបទ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២០៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ដអនុវត្តផែនការមេ និងការព្យាករណ៍ផែនការមេផ្លូវជនបទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, អគ្គនាយករង, ឯកឧត្តមប្រធាននាយកដ្ឋាន, ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ផ្លូវគឺនៅតែជាអាទិភាពសំខាន់ទី២ បន្ទាប់ពីធនធានមនុស្ស និងជាឆ្អឹងខ្នងសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង ឆ្នាំ២០៥០។

ដើម្បីសម្រេចបានចក្ខុវិស័យ ឆ្នាំ២០២៤- ២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺ “កសាងតំបន់ជនបទប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍សំខាន់ៗដែលជាទិសដៅអនុវត្តបន្តដូចខាងក្រោម៖

– ត្រូវពង្រឹងការអនុវត្ដតាមផែនការមេនៃផ្លូវជនបទឆ្នាំ២០៣០ ដែលបានអនុម័តរួចរាល់ តម្រង់ឆ្ពោះទៅការស្ថាបនាផ្លូវអាទិភាពតាមបណ្តាស្រុកគោលដៅ។

– ត្រូវពង្រឹងគុណភាពស្ថាបនាផ្លូវជនបទ តាមរយៈការពង្រឹងយន្តការលទ្ធកម្ម ការត្រួតពិនិត្យគុណភាព។

– ត្រូវសិក្សាបច្ចេកទេស ឫនវានុវត្តន៍ថ្មីតាមរយៈការស្វែងរកវត្ថុធាតុដើមថ្មី (Road Stabilizer) ដែលអាចជួយសន្សំថវិការជាតិ និងពង្រឹងគុណភាពផ្លូវ ក៏ដូចជាធន់និងការប្រែប្រួលអាកាសធាតុ។

– ត្រូវពង្រឹងគុណភាពស្ថាប័ន និងគុណវុឌ្ឍិមន្ត្រីជំនាញត្រួតពិនិត្យបច្ចេកទេស និងមន្ទីពិសោធន៍។

– ​ ត្រូវបន្តទំនាក់ទំនង ស្វែងរក និងសហការជាមួយដៃគូរអភិវឌ្ឍន៍ និងបណ្តាស្ថាប័នរដ្ឋ និងឯកជន៕

Share your thoughts