ឯកឧត្តម គុយ ឆាយ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
- ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តស្វាយរៀង៖ នាថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ស៊ឹម សុខព្រី អនុរដ្ឋលេខាធិការ និងមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ សរុបចំនួន ៥៣នាក់ ស្រី ១៤នាក់។
បន្ទាប់ពីស្ដាប់មតិស្វាគមន៍របស់ ឯកឧត្តមអភិបាលរងខេត្ត និងការរាយការណ៍អំពីលទ្ធផលការងារខែកុម្ភៈ និងទិសដៅបន្ដដោយ លោក សំ នីតូ ប្រធានមន្ទីរ រួចមក ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ និងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ ដែលសម្រេចបាននូវសមិទ្ធផលនានា នាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន ៤ មាន៖ ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង ៤-ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។
ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរ របស់មន្ទីរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើ ជូនអង្គប្រជុំ ចំណុចដូចខាងក្រោម៖
-ត្រូវពង្រឹងការផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងអោយបានទូលំទូលាយលើបណ្តាញសង្គម
-ត្រូវខិតខំអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងឱ្យមានប្រសិទ្ធិភាព
-ត្រូវមានការលើកទឹកចិត្តមន្ត្រីដែលខិតខំធ្វើការងារ
-បន្ដបង្កើតឱ្យមានកម្មវិធីចុះសួរសុខទុក្ខមន្ត្រីដែលមានទុក្ខធុរៈ
-បន្ដរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម គុយ ឆាយ និងប្រតិភូ បានអញ្ជើញចុះពិនិត្យអណ្តូងទឹក និងប្រព័ន្ធចែកចាយទឹកស្អាតខ្នាតតូចសហគមន៍ ដែលបានសាងសង់ជូនប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕