តំណាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពេញអង្គ ស្តីពីការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច ចារាយ នៅខេត្តរតនគិរី

ចែលរំលែក

ខេត្តរតនគិរី៖ នាថ្ងៃព្រហស្បត៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី អ៊ូច លក្ស្មី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពេញអង្គ ស្តីពីការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច ចារាយ នៅភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ក្នុងគោលបំណងឱ្យគណៈកម្មាធិការសហគមន៍ និងសមាជិកសហគមន៍បានពិនិត្យមើលឡើងវិញនូវខ្លឹមសារសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុង ដើម្បីឈានទៅសម្រេចការឯកភាពរួមរបស់សហគមន៍ទាំងមូល ដោយមានក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច តំណាងទីចាត់ការអន្តរវិស័យនៃសាលាខេត្តរតនគិរី លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី តំណាងអង្គការLANDESA  លោកនាយកប្រតិបត្តិអង្គការ ICSO លោកអភិបាលរងស្រុកអណ្ដូងមាស លោកមេឃុំញ៉ាង និងបងប្អូនជនជាតិដើមភាគតិច ចារាយ សរុបចំនួន ៨៦នាក់/ស្រី ៤១នាក់។

ជាលទ្ធផល៖

-គណៈកម្មាធិការ និងសមាជិកសហគមន៍ទាំងមូលបានចូលរួមយ៉ាងសកម្ម និងពេញលេញក្នុងការពិនិត្យឡើងវិញនូវខ្លឹមសារបទបញ្ជាផ្ទៃក្នុង ហើយបានចូលរួមបញ្ចេញមតិយោបល់យ៉ាងផុលផុស។

-ព្រមព្រៀងបន្ថែមចំនុច”ហាមលក់ដូរដីគ្រប់ប្រភេទក្នុងសហគមន៍ ទៅប្រជាពលរដ្ឋដែលមិនមែនជាសមាជិកសហគមន៍”នៅក្នុងប្រការ១០ជំពូកទី៣ នៃបទបញ្ជាផ្ទៃក្នុងនេះ។

-អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធជុំវិញស្រុក ខេត្ត អង្គការដៃគូ ម្ចាស់ជំនួយមានការគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច ដែលបានរៀបចំនូវបទបញ្ជាផ្ទៃក្នុងសហគមន៍នេះ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច។

-សហគមន៍ជនជាតិដើមភាគតិច ចារាយ ភូមិតាំងជិ ទាំងមូលមានការឯកភាពទៅលើខ្លឹមសារបទបញ្ជាផ្ទៃក្នុងដែលមាន ៦ជំពូក និង ២៤ប្រការ។

មុននឹងបញ្ចប់លោកស្រីអនុប្រធាននាយកដ្ឋានក៍បានសំណូមពរដល់អ្នកសម្របសម្រួល នៅពេលរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងជាមួយអ្នកពាក់ព័ន្ធ សូមជូនព័ត៌មាន និងអញ្ជើញមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចចូលរួម ដើម្បីមានលទ្ធភាពពេញលេញក្នុងការពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារនៃបទបញ្ជាផ្ទៃក្នុងនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ