ឯកឧត្ត្តម អ៊ឹង វណ្ណា អញ្ជើញជាគណៈអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ នៅខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកំពង់ធំ៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ត្តម អ៊ឹង វណ្ណា វណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ ដែលអ្នកចូលរួមមាន លោកនាយកសាលាបឋមសិក្សា សាលាវិស័យ លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប៉ូលីស កងរាជអាវុធហត្ថ ប្រជារការពារ រួមទាំងទីប្រឹក្សាក្រុមបច្ចេកទេស និង មន្រ្តីជំនាញវិស្វករ ផ្នែកបរិស្ថាន និងសុវត្ថិភាពសង្គម ព្រមទាំងមន្រ្តីមន្ទីរពាក់ព័ន្ធទាំងអស់នៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សរុបមានចំនួន៩០រូប ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបានជម្រាបជូនដល់អ្នកចូលរួមពីបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទពីសេចក្តីនឹករឭក។

 

បន្ទាប់មកឯកឧត្តមក៏បានលើកឡើងត្រួសៗពីគោលនយោបាយអាទិភាព ៦ ចំណុច នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋទទួលបានកំណើនចំណូលមធ្យមក្នុងកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

គោលបំណងនៃវគ្គបណ្តុះបណ្តាលសំដៅធ្វើយ៉ាងណាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងពីទង្វើផ្សេងៗដែលកើតចេញពីការមិនគោរពច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរ ហើយក៏បានសំណូមពរដល់អ្នកចូលរួមនៅថ្ងៃនេះសូមបន្តធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្សគ្រប់សាលាទាំងអស់ឲ្យចូលរួមអនុវត្តនូវច្បាប់ចរាចរណ៍ក៏ដូចជាសុវត្ថិភាពចរាចរណ៍ សំដៅធ្វើយ៉ាងណាកុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជារៀងរាល់ថ្ងៃ ដូចពាក្យដែលធ្លាប់ប្រើកន្លងមក « ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ »

 

ជាពិសេសសិស្សានុសិស្សត្រូវពាក់មួកឲ្យបានត្រឹមត្រូវ និងទៀងទាត់រាល់ការធ្វើដំណើរទៅសាលារៀន ជៀសវាងមានគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងជាយថាហេតុនៅតាមដងផ្លូវ ពីព្រោះវានឹងនាំឱ្យយើងរងគ្រោះដោយសារមានរបួសស្នាម ពិការភាព និងឈានទៅដល់ការបាត់បង់ជីវិត បណ្តាលឲ្យខាតបង់ពេលវេលា ថវិកា និងធនធានមនុស្សរបស់គ្រួសារយើង និងសង្គមជាតិ នាពេលអនាគត ។ ទន្ទឹមហ្នឹងនេះដែរឯកឧត្តមក៏បានសំណូមពរឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសហគមន៍ផ្តល់ការសហការណ៌ក្នុងការថែទាំផ្លូវចំនួន០១ខ្សែនេះឲ្យបានល្អជាពិសេសជួយទប់ស្កាត់រាល់ការដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបណ្តាលឱ្យផ្លូវងាយខូចខាត ។

 

បន្ទាប់ពីសំណេះសំណាលចប់ក្រុមការងារផ្នែកបរិស្ថាន សង្គម និងសុវត្ថិភាពចរាចរណ៍ ធ្វើការអនុវត្តផ្ទាល់នៅសាលាបឋមសិក្សា សាលាវិស័យ ដើម្បីឲ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទទួលបានចំណេះដឹង និងចំណេះអនុវត្ត បឋមភ្លាមៗក្នុង វគ្គបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ និងមានមូលដ្ឋានយល់ដឹងច្បាស់ស្តីពីខ្លឹមសារភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ដែលសិស្សានុសិស្សត្រូវយល់ដឹង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការគួរជៀសវាងនៅពេលឆ្លងកាត់ផ្លូវ និងការបង្ហាត់បង្រៀនអំពីវិធីក្នុងការឆ្លងផ្លូវដោយ ប្រើប្រាស់រនាំង សុវត្ថិភាពពីមន្ត្រីជំនាញឈរធ្វើចរាចរណ៍ បញ្ឈប់ការធ្វើដំណើរក្នុងពេលសិស្សចេញពីសាលារៀនដោយប្រើរនាំងបាំងបញ្ឈប់ ហើយទន្ទឹមនឹងនេះដែរសិស្សនឹងទទួលបាននូវឱកាសផ្សេងៗទៀតខាងផ្នែកសុវត្ថិភាពចរាចរណ៍ក៏ដូច ជាឱកាសក្នុងការទទួលបានមួកសុវត្ថិភាពនៅពេលឆ្លើយសំណួរបានត្រឹមត្រូវ

 

ឯកឧត្តម និងក្រុមការងារ ក៏បានប្រគល់សម្ភារៈមួយចំនួនដល់លោកនាយកសាលាបឋមសិក្សា សាលាវិស័យ សម្រាប់ប្រើប្រាស់ ហើយបន្ទាប់មក ក្រុមការងារ និងសហការីបានចុះពិនិត្យខ្សែផ្លូវមានប្រវែង១២,៤០គម. ដែលកំពុងដំណើរការសាងសង់ មានទីតាំងស្ថិតនៅ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ភ្ជាប់ទៅប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ