ក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មីនៃការស្ថាបនាផ្លូវជនបទ ដែលធននឹងការប្រែប្រួលអាកាសធាតុ

ចែលរំលែក

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដៅការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មី Stabilizer” ដោយការអញ្ជើញចូលរួម ពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋានផ្លូវលំជនបទ មន្ទីរពិសោធន៍ ប្រធានគ្រប់គ្រងគម្រោង មន្ត្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និងមន្ត្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធនិមិត្ត( Zoom Meeting) សរុបចំនួន ៣៤៩ នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាថ្មីៗ គុណភាព តម្លៃ របៀបប្រើប្រាស់ និងផលប៉ះពាល់ដល់បរិស្ថាន ដើម្បីមានមូលដ្ឋានក្នុងការពិនិត្យ និងសម្រេចក្នុងការធ្វើទំនើបកម្ម លើការងារស្ថាបនា កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនបទេសអំពីការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មី Stabilizer។ សិក្ខាសិលានេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនចំនួន ៤រួមមាន៖ ១-ក្រុមហ៊ុន GREENWAY.ASIA Co., Ltd. មកពីប្រទេសកាណាដា ២-ក្រុមហ៊ុន IKEE Paving Systems មកពីប្រទេសជប៉ុន ៣-ក្រុមហ៊ុន Duraflex Solutions Asia មកពីប្រទេសកាណាដា និងក្រុមហ៊ុន Menard មកពីប្រទេសបារាំង

បន្ទាប់ពីបានស្តាប់របាយការណ៍ និងមតិស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការនិងជាប្រធានកម្មវិធីទី១រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់អង្គសិក្ខាសាលាទាំងមូល។ ឯកឧត្តមបានបន្តលើកឡើងអំពីតួនាទីភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុងអនុវត្តន៍ដោយផ្អែកលើកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម ៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំចំនួន ៣ មានដូចខាងក្រោម៖

១.ថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធីទី១ អគ្គនាយបច្ចេកទេស អង្គភាពជំនាញ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ត្រូវខិតខំធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត អំពីផលិតផលវត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងការងារស្ថាបនាផ្លូវជនបទ សំដៅធានាឲ្យបាននូវគុណភាពល្អ មានភាពធន់ ប្រើប្រាស់បានយូរអង្វែង និងគ្រប់រដូវកាល ដើម្បីក្រសួងមានជាមូលដ្ឋានក្នុងការពិនិត្យសម្រេច និងជ្រើសរើស សម្រាប់អនុវត្តនៅពេលខាងមុខ ។

២.ថ្នាក់ដឹកនាំកម្មវិធីទី១ អគ្គនាយកដ្ឋានបច្ចេកទេស អង្គភាពជំនាញ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគោរពឲ្យបានត្រឹមត្រូវនូវស្តង់ដារបច្ចេកទេស លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីសម្រេចនានាជាធរមាន ។

៣. មន្រ្តីអធិការកិច្ចផ្លូវថ្នល់ ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ លើការងារតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ ស្របតាមច្បាប់ផ្លូវថ្នល់ និងក្រមនីតិវិធីព្រហ្មទណ្ឌ ជាធរមាន ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ