ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការអញ្ជើញចុះពិនិត្យ និងវាយតម្លៃផ្លូវ ១ខ្សែនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
- ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តពោធិ៍សាត់៖ នាថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃលើការងារស្តារឡើងវិញផ្លូវក្រាលល្បាយក្រួសចំនួន ០១ខ្សែ ចែកចេញជា ០២កំណាត់ មានប្រវែងសរុប ៧ ២០០ម៉ែត្រ ដែលក្នុងនៅមាន ៖
-កំណាត់ទី១ មានប្រវែង ៤ ៩០០ម៉ែត្រ
-កំណាត់ទី២ មានប្រវែង ២ ៣០០ម៉ែត្រ
ផ្លូវទាំង ២កំណាត់ខាងលើនេះមានទទឹងខ្នងលើប្រវែង ៦ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ និងមានស្ថាបនាលូប្រអប់មុខមួយចំនួន ០១កន្លែង លូមូលមុខពីរចំនួន ០១កន្លែង និងលូមូលមុខមួយចំនួន ០៣កន្លែង ស្ថិតនៅក្នុងភូមិស្ទឹង ភូមិកំពង់រកា ឃុំកណ្តៀង និងភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បន្ទាប់ពីបានត្រួតពិនិត្យទៅលើលក្ខណៈបច្ចេកទេសទាំងគុណភាព និងសោភណ្ឌភាពរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក ១០០% តាមកិច្ចសន្យា៕