ឯកឧត្តមបណ្ឌិត  នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត  នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រីជាអនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំងតំណាងអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែរ។

 

ជាកិច្ចចាប់ផ្តើម លោក ប៊ុន ចាន់ ប្រធានលេខាធិការដ្ឋាន បានអានសេចក្តីសម្រេចស្តីពីការកែសម្រួលក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ ដែលក្នុងនោះមានសមាសភាពឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ជាប្រធាន អមដោយអនុប្រធាន ចំនួន២រូប ព្រមទាំងឯកឧត្តម លោក លោកស្រី ជាអគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

 

បន្ទាប់ពីបានថ្លែងនូវមតិស្វាគមន៍ចំពោះឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ រួចមក ឯកឧត្តមបណ្ឌិតប្រធាន បានបញ្ជាក់អំពីគោលបំណងនៃការបង្កើតក្រុមការងារនេះឡើង គឺដើម្បីសម្របសម្រួល និងរៀបចំផែនការសកម្មភាពបរិវត្តកម្មឌីជីថល ព្រមទាំងគាំទ្រដល់គម្រោងកម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធាន បានមានមតិផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារទាំងអស់ មេត្តាសហការគ្នាក្នុងការសម្របសម្រួល និងរៀបចំផែនការ ដើម្បីសម្រេចឱ្យបាននូវគោលនយោបាយសកម្មភាពបរិវត្តកម្មឌីជីថលកម្ពុជា ក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលមានមូលដ្ឋានគ្រឹះ រួមមាន៖

១. កសាងមូលដ្ឋានឌីជីថល

២. ការចាប់យកឌីជីថល

៣. បរិវត្តកម្មឌីជីថល៕

Share your thoughts