ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប
- ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តសៀមរាប៖ នៅថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌី ឡាំថា, ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ, ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប សរុបចំនួន ៤២ នាក់ ។
បន្ទាប់ពីស្តាប់របាយការណ៍ និងមតិស្វាគមន៍របស់ឯកឧត្តមអភិបាលរងខេត្ត និងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ ដោយលោកប្រធានមន្ទីររួចមក ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរនាពេលកន្លងមក។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់។
ជាលទ្ធផលអង្គប្រជុំបានបេ្តជ្ញាចិត្តខិតខំអនុវត្តកម្មវិធីទាំង ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានស្របតាមផែនការដែលបានគ្រោងទុក ជាពិសេស ជំរុញសកម្មភាពដើម្បីលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្តក្នុងឆ្នាំ២០២៤ នេះ។
កិច្ចប្រជុំខាងលើ បានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់៕