ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាពិគ្រោះយោបល់ ស្ដីពី “វិធីសាស្រ្ដស្រាវជ្រាវអំពីតម្រូវការបណ្តុះបណ្តាលជូនមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤ – ២០២៦”

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី៣១  ខែមករា  ឆ្នាំ២០២៤  នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី “វិធីសាស្រ្ដស្រាវជ្រាវអំពីតម្រូវការបណ្តុះបណ្តាលជូនមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤ – ២០២៦” ដោយការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋានទាំង១១ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ ព្រមទាំងមន្ដ្រីរាជការ និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៩៥នាក់។

 

សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ក្នុងគោលបំណងពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីទទួលធាតុចូលបន្ថែមសម្រាប់ការសិក្សាស្រាវជ្រាវមានលក្ខណៈកាន់តែស៊ីជម្រៅ និងច្បាស់លាស់។

 

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍របស់លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ រួមមក ឯកឧត្តម ឈឹម សៅគី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអង្គសិក្ខាសាលាពិគ្រោះយោបល់ទាំងមូល។

 

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយល់នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការសិក្សាលើតម្រូវការការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពជូនមន្ត្រីរាជការ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌការងារក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអភិវឌ្ឍធនធានមនុស្ស ទៅជាមូលធនមនុស្ស និងឆ្លើយតបទៅនឹងគោលនយោបាយនិងចក្ខុវិស័យរបស់ក្រសួង គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវកម្មវិធីអាទិភាពចំនួន ៥។ គោលនយោបាយ និងចក្ខុវិស័យនេះ ចូលរួមចំណែកសម្រេចនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧  ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែល មានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

 

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ឈឹម សៅគី បានផ្ដល់អនុសាសន៍ជូនអង្គសិក្ខាដូចខាងក្រោម ៖

–  សិក្ខាកាមគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុសផុលក្នុងគ្រប់កិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលា។

–  សមាសភាពសិក្ខាកាមគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមផ្តល់ធាតុចូលឱ្យបានច្រើនបន្ថែមទៀត ដើម្បីធានាឱ្យការសិក្សាស្រាវជ្រាវ បានគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តជាក់ស្តែងបាន។

–  នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ត្រូវប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវដំណើរការស្រាវជ្រាវនេះឱ្យបានឆាប់រហ័ស ធានាបាននូវលទ្ធផលល្អទាំងគុណភាព ប្រសិទ្ធភាព និងភាពជឿជាក់ខ្ពស់។

–  គ្រប់អង្គភាពចំណុះក្រសួងទាំងជាតិ និងថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការល្អ និងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលដែលនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវចុះទៅសិក្សាស្រាវជ្រាវនៅតាមអង្គភាពនីមួយៗ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានអំំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការដៃគូជាតិ និងអន្តរជាតិទាំងអស់ចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការសិក្សាស្រាវជ្រាវនេះតាមលទ្ធភាពជាក់ស្តែង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ