ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររបស់ គ.ត.វ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង ឯកឧត្ដមប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថាគណកម្មការ​ គ.ត.វ នេះត្រូវបានឡើងក្នុងគោលបំណងដើម្បីពង្រឹងលើការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារស្ថាបនា ការជួសជុល និងកែលម្អឡើងវិញ ធានាបានភាពជាប់ធន់ក្នុងការប្រើប្រាស់ ជាពិសេសគឺមានភាពធន់ជាមួយការបប្រែប្រួលអាកាសធាតុ ។ គណៈកម្មការនេះក៏មានតួនាទីត្រួតពិនិត្យវត្ថុធាតុដើម មុនយកទៅប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់សិល្បការ្យជនបទនានា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មការនេះត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារៈកិច្ចរបស់ខ្លូនឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព សុក្រិត្យភាព និងក្រមសីលធម៌ជាមន្រ្តីនគរបាលយុត្តិធម៌ នៅពេលចុះត្រួតពិនិត្យគុណភាពសំណង់ផ្លូវ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ធានាបានការប្រើប្រាស់យូរអង្វែងក្នុងការជំរុញសេដ្ឋកិច្ចនៅតំបន់ជនបទ ឱមានការកើនឡើងយ៉ាងឆាប់រហ័ស៕

Share your thoughts