ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ការរៀបចំភូមិគំរូ នៅតំបន់ជនបទនៃប្រទេសកម្ពុជា

ចែលរំលែក
1 1

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ការរៀបចំភូមិគំរូ នៅតំបន់ជនបទនៃប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង ឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនៃនាយកដ្ឋានទាំង៤ នៃកម្មវិធីអាទិភាពទី៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

យោងតាមការធ្វើបទបង្ហាញ របស់ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានបង្ហាញថា នៅបរិបទនៃកម្ពុជា ភូមិគំរូគឺជា “សហគមន៍ដែលមានសន្ដិសុខ សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ កម្រិតជីវភាពសមរម្យ អ្នកភូមិមានការចូលរួមសកម្មភាពអភិវឌ្ឍន៍ក្នុងភាពជាម្ចាស់ គិតពីផលប្រយោជន៍រួម ក្នុងការឆ្ពោះទៅរកគោលដៅរួមរបស់សហគមន៍ និងមានការអភិវឌ្ឍប្រកបដោយចីរភាព” ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយត្រូវបានកំណត់ដោយលក្ខណៈវិនិច្ឆ័យចំនួន ៦ ចំណុច រួមមាន៖ អភិបាលកិច្ចល្អ, ការអប់រំ និងធនធានមនុស្ស,សុខភាព និងបរិស្ថានរស់នៅ, ជីវភាពរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ, និងបច្ចេកវិទ្យា។

 

បន្ទាប់មកឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់វេទិការជូនអង្គប្រជុំដើម្បីពិភាក្សាយ៉ាងផុសផុលក្នុងការជាផ្ដល់ធាតុចូលបន្ថែមទៅលើសេចក្ដីព្រាងដែលបានរៀបចំ។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពលើ ការគិតគូរអំពី ការលើកកម្ពស់ ការអប់រំ និងផ្ដល់អាទិភាពទៅលើស្ត្រី ឱ្យចូលរួមនៅក្នុងការដាក់បញ្ចូលទៅក្នុងលក្ខណៈវិនិច្ឆ័យនៃការកំណត់ភូមិគំរូ។

 

ដើម្បីចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លើការរៀបចំ “ចលនាភូមិគំរូ” ឱ្យទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ ដូចខាងក្រោម៖

 

១. នាយកដ្ឋានជំនាញទាំង ៤ នៃកម្មវិធីទី៣ ត្រូវរៀបចំរបាយការណ៍រួមស្ដីពី ភូមិគំរូ ដោយរួមបញ្ចូលនូវវឌ្ឍនភាពភូមិគំរូ ការរៀបចំបញ្ជីភូមិគំរូ និងការរៀបចំផែនទីភូមិគំរូនៅទូទាំងប្រទេស

២. ផ្អែកលើបទពិសោធន៍ដែលបានអភិវឌ្ឍកន្លងមក ត្រូវបែងចែកភូមិអភិវឌ្ឍន៍ជា ៣ កម្រិត (១) ភូមិជោគជ័យខ្លាំង (២) ភូមិជោគជ័យមធ្យម និង (៣) ភូមិជោគជ័យតិចតួច

៣.  ត្រូវរៀបចំភូមិគំរូ ឱ្យមានលក្ខណៈ ៤ យ៉ាង (១) ភូមិគំរូដែលអាចដំណើរអភិវឌ្ឍន៍ដោយខ្លួនឯង (២) ភូមិគំរូអភិវឌ្ឍន៍ដោយមានចីរភាព និង (៣) ភូមិគំរូដែលអាចរីកចម្រើនជាលំដាប់ និង (៤)ភូមិគំរូដែលអាចយកជាគំរូសម្រាប់អនុវត្តបន្ត

៤. ត្រូវជ្រើសរើសភូមិគំរូថ្មីបន្ថែមទៀត ដោយពិនិត្យលើស្ថានភាពភូមិសាស្ដ្រតាមខេត្ត និងតាមតំបន់ ដែលនៅជិតទីផ្សារសម្រាប់កសិផល ជាពិសេសប្រជាពលរដ្ឋមានឆន្ទៈចូលរួមក្នុងការអភិវឌ្ឍ

៥. រៀបចំគម្រោង ឬ ផែនការប្លង់មេ នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងផែនការអភិវឌ្ឍន៍សេចកិច្ច សង្គម និងវប្បធម៌ និងត្រូវរៀបចំសៀវភៅបន្ទុកសម្រាប់អនុវត្ត

៦. បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍភូមិគំរូ និងត្រូវបង្កើនការចូលរួមពី មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

៧. ជំរុញតាមដានត្រួតពិនិត្យ និងវាយតម្លៃពីប្រសិទ្ធភាពនៃការអភិវឌ្ឍ

៩. រៀបចំសិក្ខាសិលាពិគ្រោះយោបល់ស្ដីពី ការរៀបចំភូមិគំរូ ជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ

១០. រៀបចំដាក់បញ្ចូលការរៀបចំភូមិគំរូ ទៅក្នុងផែនការយុទ្ធសាស្ដ្រ ឆ្នាំ២០២៥ និងក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥ -២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

1 12 13 14 15 16 17 18 19 110 1

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ