រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់មន្រ្ដីក្រោមឱវាទថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តបង្កើនស្នាដៃថ្មីៗបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មី

ចែលរំលែក
2 7

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុសរុប ២០នាក់ ស្រី ១នាក់។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ដោយលោក ប្រាក់ សុវណ្ណ ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ  រួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានី​ ហ៊ុន​ សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើឱ្យសម្រេចបានលទ្ធផលគួរជាទីមោទន។

 

ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងខិតខំធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ លើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។

 

ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដនេះឱ្យមានប្រសិទ្ធភាព ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម ៖

 

១- ត្រូវរក្សាសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ និងត្រូវបន្តបង្កើនស្នាដៃថ្មីៗបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

 

២-  មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូរ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់មានប្រសិទ្ធភាពថែមទៀត។

 

៣-  មន្ទីរត្រូវបង្កើតឱ្យមានប្រព័ន្ធផ្សព្សផ្សាយឌីជីថល ក្រុមអ្នកនាំពាក្យ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងឱ្យបានទូលំទូលាយដល់ស្រទាប់មហាជន។

 

៤-  ថ្នាក់ដឹកនាំមន្ទីរត្រូវមានការលើកទឹកចិត្តដល់មន្ត្រីរាជការតាមរយៈ ការដំឡើងតួនាទី ឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ប័ណ្ណសរសើរ  ឬ ជារង្វាន់តាមរយ: មធ្យោបាយផ្សេងៗ ។

 

៥-  ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

 

៦-  មន្ទីរត្រូវមានរបបប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ ឱ្យបានទៀងទាត់ ដើម្បីវាយតម្លៃការងារ ដោយយកគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។

 

ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

1 72 73 74 65 66 68 39 3

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ