ឯកឧត្ដម ឆាយ ប្ញទ្ធិសែន៖ “មន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាពទាំងអស់ មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកឱ្យសម្រេចបានជោគជ័យលើការងារអភិវឌ្ឍន៍ជនបទ ហើយក្រសួងបានលើកទឹកចិត្តឱ្យចូលរួមគ្រប់សកម្មភាពរបស់ក្រសួង”

ចែលរំលែក
10 1

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធាន “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” ។

 

ពិធីសំណេះសំណាលនេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរភាពជោគជ័យនៃវិស័យពិការភាពនៅកម្ពុជា និងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ព្រមទាំងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, អគ្គនាយករង, ឯកឧត្តម លោក លោកស្រីប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ៧២រូប។

 

យោងតាមរបាយការណ៍របស់ ឯកឧត្ដម សុខ ម៉េង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនមានពិការភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ មានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាជនមានពិការភាព សរុបចំនួន ៣៨នាក់ ស្មើ ៣,៨% ធៀបនឹងចំនួនមន្ដ្រីរាជការសរុបនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះនៅទីស្ដីការក្រសួងមានចំនួន ១១នាក់ និងនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត មានចំនួន ២៧នាក់។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានឡើងអាន ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ។

 

ក្នុងនាម រដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំសេចក្តីនឹករលឹក  និងការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាពទាំងអស់ ព្រមទាំងបានមានប្រសាសន៍ថា បងប្អូនមានពិការភាពទាំងអស់ បានចូលរួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យរបស់ក្រសួងលើការងារអភិវឌ្ឍន៍ជនបទផងដែរ ។ ក្រសួងនឹងបន្តលើកទឹកចិត្តដល់បងប្អូនមន្ត្រីមានពិការភាពឱ្យចូលរួមគ្រប់សកម្មភាពរបស់ក្រសួង។

 

ឆ្លៀតក្នុងពិធីសំណេះសំណាលនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើជូនមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាពទាំងអស់ដូចខាងក្រោម៖

 

–  សូមបន្ដខិតខំអនុវត្តតួនាទី ភារកិច្ច គោរពវិន័យការងារ ក្រមសីលធម៌មន្ដីរាជការ ដោយអនុវត្តតាមគោលការណ៍ ផ្អែកលើសមិទ្ធផលដែលមានស្រាប់ បន្ដខិតខំបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

 

–  សូមចូលរួមផ្សព្វផ្សាយនូវគោលនយោបាយ, គោលការណ៍,ច្បាប់, និងបទដ្ឋានគតិយុត្តនានា ដល់ប្រជាជននៅតំបន់ជនបទ នៅពេលបំពេញការងារ។

 

–  សូមបន្ដចូលរួមថែរក្សាសន្ដិភាព, សាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងសហការគ្នាដើម្បីអនុវត្តការងារសំដៅសម្រេចការងារអភិវឌ្ឍន៍ជនបទឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕

1 52 53 54 45 46 47 48 29 210 1

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ