មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ធ្វើការជួសជុល និងថែទាំប្រចាំផ្លូវជនបទ ចំនួន២ខ្សែ ដែលបានទទួលរងការខូចខាតខ្លាំងដោយសារជំនន់ទឹក​ភ្លៀង

ចែលរំលែក

ខេត្តកណ្តាល ៖ ថ្ងៃអាទិត្យ ១៣រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៣ លោកស្រី​ ជី​ ថាវី​ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានណែនាំដល់ក្រុម​ការងារ​បច្ចេកទេស​ផ្លូវជនបទ​ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលដឹកនាំផ្ទាល់ដោយ​ លោកឌុច ឌីណូ អនុប្រធានការិយាល័យផ្លូវជនបទ និងសហការី បានបញ្ជា​ឱ្យគ្រឿងចក្រធ្វើការងារជួសជុលផ្លូវថែទាំប្រចាំ​ ចំនួន០២ខ្សែ ដែលស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រដូចខាង ក្រោម÷

-ផ្លូវខ្សែទី១÷  មានប្រវែង ៤ ៥០០ម៉ែត្រ​ ស្ថិតនៅឃុំសំរោងលើ ភ្ជាប់ទៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

-ផ្លូវខ្សែទី២÷  មានប្រវែង​ ២ ៧៧០ម៉ែត្រ ស្ថិតនៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដែលកំពុងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។

សូមគូសបញ្ជាក់ផងដែរថា កន្លងមកផ្លូវទាំង ០២ខ្សែ ខាងលើនេះទទួលរងការខូចខាតខ្លាំងដោយសារជំនន់ទឹក​ភ្លៀងហូរដាច់គ្រលុកធំៗធ្វើឱ្យប្រជាពលរដ្ឋលំបាកក្នុងការធ្វើចរាចរណ៍ឆ្លងកាត់​ ជាពិសេសដឹកកសិផលទៅកាន់ទីផ្សារ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុស្សក្នុងធ្វើដំណើរទៅសិក្សា លោកស្រីប្រធានមន្ទីរ បានណែនាំដល់ក្រុមការងារការិយាល័យផ្លូវជនបទឱ្យដឹកនាំគ្រឿងចក្រធ្វើការជួសជុលឱ្យបានឆាប់រហ័សទាន់​ពេលវេលា និងមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបានគុណភាពផ្លូវជនបទ និងរក្សាសុវត្ថិភាពប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ប្រកបរបរទទួលទានប្រចាំថ្ងៃ។

បច្ចុប្បន្ននេះក្រុមការងារមន្ទីរបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តសកម្មភាពការងារសំខាន់ៗដូចជា÷ ការកាយដីទប់ជើងទេផ្លូវ​ ដែលរងការខូចដោយកំលាំងទឹកហូរច្រោះ​ កៀរកិន សម្រួលតួផ្លូវចាស់ ការចាក់ក្រួសបំពេញគ្រលុកតាមបណ្តោយខ្សែផ្លូវ​ ដើម្បីធានាបានតួផ្លូវទាំងមូលមានភាពប្រសើរឡើងវិញ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ