ឯកឧត្តម ជា ស្រ៊ុន ចុះត្រួតពិនិត្យ និងប្រគល់ទទួលសមិទ្ធផលគម្រោងផ្លូវថែទាំជាលក្ខណៈប្រចាំ ប្រភេទផ្លូវកៅស៊ូ២ស្រទាប់ មានចំនួន៣ ខ្សែផ្លូវ នៅស្រុកគាស់ក្រឡ សំឡូត និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង
- ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានដឹកនាំក្រុមការងារអន្តរក្រសួង មកពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងប្រគល់ទទួលសមិទ្ធផលគម្រោងផ្លូវថែទាំជាលក្ខណៈប្រចាំ ជាប្រភេទផ្លូវកៅស៊ូ២ស្រទាប់ ដោយមានការចូលរួមអមដំណើរពី លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងសហការី ។
ជាលទ្ធផល ៖ ផ្លូវចំនួន ៣ខ្សែផ្លូវ នៅស្រុកគាស់ក្រឡ សំឡូត និងស្រុករតនមណ្ឌល បានសម្រេចបញ្ចប់ការសាងសង់បាន១០០% ដោយខ្សែផ្លូវទាំង៣ នោះស្ថិតក្នុងភូមិសាស្រ្តដូចខាងក្រោម ៖
-ខ្សែទី១ ផ្លូវចាប់ពីភូមិព្រៃពពេល – ភូមិបឹងធំ ឃុំគាស់ក្រឡ ឆ្នាល់មាន់ កំពង់ល្ពៅ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រវែងផ្លូវសរុប ២៤ ៥០០ ម៉ែត្រ ។
-ខ្សែទី២ ផ្លូវចាប់ពីភូមិអំពិប-ភូមិបឹងរុន ឃុំមានជ័យ សំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ប្រវែងផ្លូវសរុប ១៧ ៣៥០ ម៉ែត្រ។
-ខ្សែទី៣ ផ្លូវចាប់ពី ស្តៅ – អូរឃ្មុំ ឃុំស្តៅ រស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ប្រវែងផ្លូវសរុប ២៩ ៦០០ ម៉ែត្រ។
ផ្លូវទាំង៣ខ្សែខាងលើនេះ មានការវាយតម្លៃខ្ពស់ និងយល់ព្រមទទួលដោយក្រុមការងារប្រតិភូអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាន៍ ឱ្យប្រជាជនដែលធ្វើចរាចរលើផ្លូវនេះ ចូលរួមថែរក្សាផ្លូវ ឱ្យល្អប្រសើរ ដោយមិនត្រូវដឹកលើសទម្ងង់កំណត់ មិនត្រូវចាក់ដីឱ្យខ្ពស់ជាងផ្លូវទេ និងចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា។