ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
1 1

រាជធានីភ្នំពេញ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃពុធ ៩រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ។ កិច្ចប្រជុំបូកសរុបនេះបានប្រព្រឹត្តនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញជាវត្តមានដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានមន្ទីរ១រូប និងអនុប្រធាន១រូប ក្នុង ១មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដោយឡែកថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត បានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបចំនួនជាង ១០០០នាក់។

 

ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងពេញលេញ ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវខ្ពស់។  តាមរយៈកិច្ចប្រជុំរយៈពេល ០៣ ថ្ងៃនេះ កិច្ចប្រជុំបានដំណើរការទៅក្នុងទិដ្ឋភាព ២ គឺ (១).ការធ្វើបទបង្ហាញស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និង (២). បង្ហាញស្ដីពីការវិភាគ SWOT សម្រាប់កម្មវិធីអាទិភាពទាំង ៤ និងអនុកម្មវិធីនានា របស់ក្រសួង ព្រមទាំងការដាក់ចេញជាវិធានការដោះស្រាយ និងការលើកទិសដៅការងារ ដែលជាធាតុចូលដ៏សំខាន់ ដើម្បីកំណត់ជាសូចនាករច្បាស់លាស់ សម្រាប់រៀបចំផែនការយុទ្ធសាស្ដ្រ និងកម្មវិធីអាទិភាពឆ្នាំ២០២៤ -២០២៨ ដោយឡែកសម្រាប់ឆ្នាំ២០២៤ របស់ក្រសួង ដើម្បីចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ មានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងផ្ដល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបំពេញការងារ ដែលមានខ្លឹមសារដូចខាងក្រោម៖

 

–  ត្រូវគិតគូរដល់ប្រជាពលរដ្ឋជាចម្បង ដើម្បីទទួលបានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការលើក និងអនុវត្តគម្រោងអាទិភាព ត្រូវផ្ដោតលើតម្រូវជាក់ស្ដែងរបស់ប្រជាជន និងតំបន់មានសក្ដានុពសេដ្ឋកិច្ច ដែលជួយដល់ការលើកម្ពស់ជីវភាពរបស់ប្រជាជន។

–  ត្រូវចាត់ទុកខ្លួនឯងជាមន្ដ្រីបម្រើឱ្យប្រជាពលរដ្ឋ ដោយខិតខំអនុវត្តការងារឱ្យអស់ពីកម្លាំងកាយ ចិត្ត និងសមត្ថភាព និងគិតដល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។

–  ត្រូវឆ្លើយតបនឹងតម្រូវការ និងសំណូមពរបន្ទាន់របស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ ក្នុងនាមជាមន្ដ្រីបម្រើប្រជាជន ដោយមិនតាំងខ្លួនជាម្ចាស់លើប្រជាជនឡើយ។

–  ត្រូវបន្ដកែទម្រង់ឱ្យកាន់តែល្អប្រសើរជាងមុន ដែលជាកាតព្វកិច្ចរបស់មន្ដ្រីគ្រប់គ្នា ដោយអនុវត្តតាមអភិក្រមបុរេសកម្ម ផ្លាស់ប្ដូរ និងចាប់យកនូវផ្នត់គំនិតជឿនលឿន ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

–  ត្រូវចូលរួមក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ, អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល, ខិតខំកសាងស្នាដៃ ឱ្យបានច្រើន, ជាពិសេសត្រូវបន្ដអនុវត្តអភិក្រម៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់។

–  ត្រូវចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ តាមរយៈការគោរពតាមសម្លេងសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។

–  ត្រូវយកចិត្តទុកដាក់មន្ដ្រីតាមរយៈការលើកទឹកចិត្តគ្រប់រូបភាព, បង្កើនភាពស្និទ្ធស្នាល, លុបបំបាត់បក្ខពួកនិយម និងគ្រួសារនិយម។

អញ្ចើញជាវត្តមានដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាឱកាសដ៏វិសេសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានប្រគល់ប័ណ្ណសរសើរ ជូនដល់ ឯកឧត្ដម តំណាងអគ្គាធិការ, ឯកឧត្ដមតំណាងអគ្គនាយកដ្ឋានទាំង២, លោក លោកស្រីប្រធាន តំណាងនាយកដ្ឋានទាំង១១, និងលោក លោកស្រីប្រធានតំណាងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥, ព្រមទាំងបានបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដែលមានស្នាដៃល្អ ក្នុងការបំពេញការងារបានជោគជ័យជូនក្រសួងនាពេលកន្លងមក៕

1 12 13 1410A0041410A0235410A0314410A0315410A0324410A0325410A0326410A9639410A9828

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ