មន្រ្ដីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចុះផ្ទៀងផ្ទាត់ទិន្នន័យភូមិ និងជំរុញឱ្យប្រជាពលរដ្ឋតាមខ្នងផ្ទះដែលប្រើប្រាស់បង្គន់អនាម័យរួម ឱ្យមកសាងសង់បង្គន់អនាម័យផ្ទាល់ខ្លួនវិញ
- ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាស្រុកល្វាឯម ខេត្តកណ្តាល លោក សុខ ផា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះទៅផ្ទៀងផ្ទាត់ទិន្នន័យភូមិ និងជំរុញឱ្យប្រជាពលរដ្ឋតាមខ្នងផ្ទះដែលប្រើប្រាស់បង្គន់អនាម័យរួម ឱ្យមកសាងសង់បង្គន់អនាម័យផ្ទាល់ខ្លួនវិញ ។
អញ្ជើញចូលរួមមាន លោកមេឃុំគកនក ប្រធាន អនុប្រធានភូមិ និងសមាជិកភូមិ សរុប ៣០ នាក់ ស្រី ១០នាក់ ។
ជាកិច្ចចាប់ផ្ដើម លោក សុខ ផា បានធ្វើបទបង្ហាញពី គោលបំណងនៃការចុះផ្ទៀងផ្ទាត់ទិន្នន័យអនាម័យភូមិ និងជំរុញឱ្យប្រជាពលរដ្ឋតាមខ្នងផ្ទះដែលបានប្រីប្រាស់បង្គន់បង្គន់អនាម័យរួម ឱ្យមកសាងសង់បង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួនវិញ។
បន្ទាប់មក ក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់សៀវភៅទិន្នន័យអនាម័យតាមភូមិ ឃុំ ដែលជាលទ្ធផលបានបង្ហាញឱ្យឃើញថា ៖ ឃុំបឹងគ្រុំ ឃុំទឹកឃ្លាំង ឃុំភូមិធំ ឃុំព្រែករៃ ឃុំថ្មគរ ឃុំកោះរះ ឃុំកោះកែវ និងឃុំល្វាសរ ស្រុកល្វាឯម គឺមានអត្រាអនាម័យគ្របដណ្ដប់លើសពី ៩៥% ដែលអាចឈានទៅដល់ការចុះផ្ទៀងផ្ទាត់ស្ថានភាពអនាម័យបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)។
ក្នុងនោះក្រុមការងារក៏បានរកឃើញផងដែរនូវរដ្ឋបាលឃុំមួយចំនួន បាននិងកំពុងសាងសង់បង្គន់អនាម័យ ប្រកបដោយរិយាបន្នជូនដល់ជនមានពិការភាព ចាស់ជរា និងស្ត្រីមានផ្ទៃពោះជាដើម។
បន្ទាប់ពីបាន ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យអនាម័យរួចមក ក្រុមការងារបានធ្វើការណែនាំបន្ថែមដល់រដ្ឋបានឃុំ ប្រធានភូមិដូចខាងក្រោម៖
-ត្រូវសាងសង់បង្គន់អនាម័យប្រកបដោយបរិយាបន្ននៅកន្លែងផ្ដល់សេវាសាធារណៈ។
-ចូលរួមផ្សព្វផ្សាយពីសារៈសំខាន់ នៃការមានបង្គន់អនាម័យប្រើប្រាស់
– ចូលរួមផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការទទួលទានទឹកមានសុវត្ថិភាព ។
-ផ្សព្វផ្សាយពីការសម្អាតបរិស្ថានអនាម័យនៅក្នុងមូលដ្ឋាន។