មន្រ្ដីមន្ទីរអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យបង្គន់អនាម័យ និងជម្រុញប្រជាពលរដ្ឋឃុំព្រែកឬស្សី និងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាលដែលធ្លាប់ប្រើប្រាស់បង្គន់អនាម័យរួម ឱ្យមកសាងសង់បង្គន់អនាម័យផ្ទាល់ខ្លួនវិញ ។
- ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាស្រុកល្វាឯម ខេត្តកណ្ដាល លោក សុខ ផា អនុប្រធានការិយាល័យអភិវឌ្ឍន៍សសហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យបង្គន់អនាម័យតាមខ្នងផ្ទះ និងជម្រុញប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់បង្គន់អនាម័យរួម ឱ្យមកសាងសង់បង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួនវិញ ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកមេឃុំទាំងពីរ លោក លោកស្រីប្រធាន អនុប្រធានភូមិ និងសមាជិកភូមិសរុប ១៨នាក់ ស្រី៥ នាក់ និងបានធ្វើការផ្ទៀងផ្ទាត់ និងជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងឃុំព្រែកឬស្សី និងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីផ្សព្វផ្សាយ និងជំរុញក្រុមការងារគ្រប់គ្រងទិន្នន័យអនាម័យភូមិ និងឃុំ អនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)៕