មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកស្អាង រៀបចំកិច្ចប្រជុំស្តីពីការចុះផ្ទៀងផ្ទាត់ទិន្នន័យអនាម័យភូមិ និងត្រៀមការងារប្រកាសផ្ទៃក្នុងភូមិ(ODF+)

ចែលរំលែក
photo 2023 11 16 09 51 40 1

ខេត្តកណ្តាល ៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ទូច សាន អនុប្រធានការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ បានដឹកនាំក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចូលរួមសហការសម្របសម្រួលជាមួយរដ្ឋបាលស្រុកស្អាង បានរៀបចំកិច្ចប្រជុំស្តីពីការចុះផ្ទៀងផ្ទាត់ទិន្នន័យអនាម័យភូមិ និងត្រៀមការងារប្រកាសផ្ទៃក្នុងភូមិ(ODF+) ក្រោមអធិបតីភាព លោកស្រី សែម ចាន់ថូ អភិបាលរង នៃគណ:អភិបាលស្រុកស្អាង ទទួលបន្ទុកការងារវិស័យអភិវឌ្ឍន៍ជនបទ។

សមាសភាពដែលអញ្ជើញចូលរួមមានចំនួន ៦ឃុំ ស្មើនឹង ៧០ភូមិ ក្នុងនោះមាន លោក លោកស្រីមេឃុំ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ លោកស្រីប្រធានគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារ(គកនក) លោក លោកស្រីមេភូមិ និងអនុភូមិ សរុប ៨៦ នាក់ ស្រី៣៥ នាក់។

ជាកិច្ចចាប់ផ្ដើម លោកស្រី សែម ចាន់ថូ អភិបាលរងស្រុក បានមានមតិសំណេះសំណាល និងស្វាគមន៍ចំពោះវត្តមានអ្នកចូលរួម ព្រមទាំងបានណែនាំឱ្យតាមភូមិ និងឃុំជំរុញការផ្សព្វផ្សាយការងារ(ODF+)ឱ្យបានកាន់តែទូលំទូលាយនិងផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់យកចិត្តទុកដាក់ស្ដាប់ការណែនាំរបស់ក្រុមការងារមន្ទីរ។

បន្ទាប់មក លោកស្រី ពាស ម៉ាឡា ក្រុមការងារជនបង្គោល (ODF+) បានធ្វើបទបង្ហាញពីរបៀបផ្ទៀងផ្ទាត់ទិន្នន័យ ការដាក់ថ្ងៃខែប្រកាសផ្ទៃក្នុង ការលើកសំណើ និងបង្ហាញគំរូ បង្គន់បរិយាបន្ន និងបានពិនិត្យផ្ទៀងផ្ទាត់ឯកសារស្ថានភាពអនាម័យភូមិ ។

កិច្ចប្រជុំនេះមានដំណើរការដោយរលូន ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អប្រសើរប្រកបដោយភាពស្និទ្ធស្នាលបំផុត ជំរុញការងារសាងសង់បង្គន់ដែលនៅសេសសល់ឱ្យសម្រេចបានតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឈានដល់ការចុះត្រួតពិនិត្យ និងវាយតម្លៃការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឈានដល់កម្រិតខ្ពស់(ODF+)៕

photo 2023 11 16 09 51 40 1photo 2023 11 17 10 43 11 1photo 2023 11 17 10 43 15 1photo 2023 11 17 10 43 20 1photo 2023 11 17 10 43 25 1

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ