មន្ដ្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ចុះផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ជូនជនជាតិសួយចំនួន ០២ភូមិស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
- ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៨:៥៥ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈុន ស៊ីវិថា អនុប្រធាននាយកដ្ឋាន តំណាងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន អញ្ជើញទៅផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ជូនដល់ជនជាតិសួយចំនួន ០២ភូមិ គឺភូមិកន្ទួត និងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមាសភាពចូលរួមក្នុងពិធីនេះមាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្រ្ដីតំណាងរដ្ឋបាលស្រុកឱរ៉ាល់ លោកមេឃុំសង្កែសាទប លោកប្រធានភូមិកន្ទួត និងបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចសួយសរុប ៥៤នាក់/ស្រី ៣៨នាក់។ ដោយឡែកការផ្សព្វផ្សាយនៅភូមិក្រាំងពង្រមានការចូលរួមពី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធាន អនុប្រធានការិយាល័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្រ្ដីតំណាងរដ្ឋបាលស្រុកឱរ៉ាល់ លោកជំទប់ឃុំសង្កែសាទប លោកប្រធានភូមិក្រាំងពង្រ និងបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចសួយសរុប ៥១នាក់/ស្រី ៣៣នាក់។
ការផ្សព្វផ្សាយនេះមានគោលបំណង ផ្ដល់ចំណេះដឹងជូនដល់បងប្អូនជនជាតិដើមភាគតិចសួយ អំពីគោលនយោបាយជាតិ ច្បាប់បទដ្ឋានគតិយុត្ត នីតិវិធី និងទម្រង់ឯកសារកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច។
បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយរួចមកបងប្អូនប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិចសួយ ដែលកំពុងរស់នៅក្នុងភូមិកន្ទួត និងភូមិក្រាំងពង្របានយល់ដឹងអំពីនីតិវិធី និងទម្រង់ឯកសារកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងបានឯកភាពគ្នាបន្តអនុវត្តនីតិវិធីបង្កើតជាសហគមន៍ជនជាតិដើមភាគតិច៕