ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការ អញ្ជើញជាគណធិបតី ក្នុងពិធីសម្ពោធសមិទ្ធិផលគម្រោងចំនួន ០២ នៅខេត្តតាកែវ
- ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១០:១៥ ព្រឹក
- សកម្មភាពក្រសួង
ខេត្តតាកែវ៖ ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ២០២៣ ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាគណធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលគម្រោងចំនួន ០២ រួមមាន:
គម្រោងទី១ ចែកចាយទឹកស្អាតដើម្បីអនាគត ទាំងអស់គ្នា និងគម្រោងទី២ ពិពិធកម្មសេដ្ឋកិច្ចជនបទ សម្រាប់កសិករដែលមានចំណូលទាប
ដែលអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ក្រោមមូលនិធិពិសេសមេគង្គឡានឆាងនៅស្រុកគីរីវង់ ខេត្តតាកែវ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកទីប្រឹក្សាស្ថានទូតចិននៅកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ និងប្រជាពលរដ្ឋទទួលផល ក្នុងនោះក៏មានការចូលពីប្រតិភូមកពីប្រទេសថៃ ឡាវ និងភូមា ផងដែរ សរុបប្រមាណ ៤០០ នាក់ ។
គោលបំណងចម្បងនៃគម្រោងគឺ ដើម្បីលើកម្ពស់ជីវភាពរស់នៅ និងពង្រឹងសមត្ថភាព របស់ប្រជាពលរដ្ឋ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ធ្វើឱ្យប្រសើរឡើងនៅជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ។