ឯកឧត្តម ឆាយ ប្ញទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញជាវត្តមានក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋានទាំង១១ ជាសមាសភាព នៃគណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមដោយផ្ទាល់ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ ចូលរួមតាមប្រព័ន្ធនិម្មិត (zoom)។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាអាទិភាពទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះដើម្បីកសាងប្រទេសកម្ពុជារីកចម្រើន ឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់ឱកាសដល់សមាជិកអង្គប្រជុំចូលរួមយោបល់លើការងារពាក់ព័ន្ធនឹងការងារពង្រឹងស្ថាប័ន ការបែងចែកភារកិច្ចទាំងមន្រ្ដីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ទៅតាមគុណាធិបតេយ្យ។

ដើម្បីធានាប្រសិទ្ធភាព លើការងារពង្រឹងស្ថាប័ន និងការពង្រឹងការគ្រប់គ្រងធនធនមនុស្សរបស់ក្រសួងបានដោយជោគជ័យ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានផ្ដល់អនុសាសន៍ដូចខាងក្រោម៖

– បន្ដអនុវត្តការចុះបញ្ជីវត្តមានមន្ត្រី និងបង្កើតប្រព័ន្ធវាយតម្លៃ ដើម្បីផ្ដល់ការលើកទឹកចិត្តតាមមធ្យោបាយនានា ដូចជាដំឡើងឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬរង្វាន់ផ្សេងៗ ដល់មន្រ្ដីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

– ធ្វើបច្ចុប្បន្នភាពភារកិច្ចរបស់អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យស្របតាមកម្មវិធីអាទិភាពរបស់ក្រសួង និងចាត់មន្រ្ដីឱ្យត្រូវតាមជំនាញ និងស្របតាមតម្រូវការការងារក្នុងអង្គភាព

– ធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប និងកម្រិតជំនាញរបស់មន្ដ្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

– ធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប និងកម្រិតជំនាញរបស់មន្ដ្រីជាប់កិច្ចសន្យាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការចាត់តាំងទៅតាមជំនាញ និងស្របតាមតម្រូវការការងារក្នុងអង្គភាព

– ស្នើសុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការធនធានមនុស្សក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងអនុវត្តការងារដែលបានបែងចែកខាងលើឱ្យមានប្រសិទ្ធភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ