ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យតំណាងការិយាល័យ Compliance Advisor Ombudsman នៅកម្ពុជាចូលជួបពិភាក្សាការងារ

ចែលរំលែក
11 6

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃ ព្រហស្បត្តិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Gabriela Stocks ប្រធានការិយាល័យ Compliance Advisor Ombudsman (CAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះលោកស្រីប្រធានការិយាល័យ និងសហការី ដែលអញ្ជើញមកនាពេលនេះ និងបានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្តម បានបន្ថែមទៀតថា ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជន នៅជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចមាន ៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងផងដែរអំពីបេសកកម្មបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទចំនួន ៦ចំនុច និងបញ្ហាប្រឈមខ្លះ ដែលក្រសួងកំពុងជួបប្រទះ ដូចជាវិបត្តិនៃការប្រែប្រួលអាកាសធាតុ កត្តាថវិកា និងធនធានមនុស្សជាដើម។

ជាកិច្ចបន្តលោកស្រី Gabriela Stocks ប្រធានការិយាល័យ CAO បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ដែលបានអនុញ្ញាតឲ្យលោកស្រី និងសហការី បានជួបពិភាក្សានាឱកាសនេះ លោកស្រីនិងសហការីមានបំណងចង់សិក្សាយល់ដឹងបន្ថែមអំពីតួនាទីរបស់ក្រសួងអភិវឌ្ឍន៍ជនបទលើការរៀបចំការចុះបញ្ជីជនជាតិដើមភាគតិចនៅកម្ពុជា និងបទដ្ឋានបច្ចេកទេសក្នុងការត្រួតពិនិត្យលើការស្ថាបនាផ្លូវ និងរៀបចំទឹកស្អាតជូនប្រជាពលរដ្ឋជនបទជាដើម។

ជាការឆ្លើយតបឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ បានជូនឯកឧត្តម សួន សេរីរដ្ឋា​ រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការងារចុះបញ្ជីជនជាតិដេីមភាគតិច  ជម្រាបជូនលោកស្រីប្រធានការិយាល័យ CAO ដោយឯកឧត្តមលេីកឡេីងថា​ កម្ពុជាក្រោយបញ្ចប់សង្គ្រាមស៊ីវិលកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានរៀបចំបទដ្ឋានគតិយុត្តដើម្បីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច ក៏ប៉ុន្តែជនជាតិដើមភាគតិចទាំងនោះមិនមានការរើសអើងនោះទេ គឺពួកគាត់ទទួលបានសេវាថែទាំដូចប្រជាពលរដ្ឋខ្មែរទូទៅ ដោយកម្ពុជាបានកំណត់ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនលោកស្រីប្រធានការិយាល័យ និងសហការីវិញថា ក្នុងអាណត្តិទី៧នេះ ក្រសួងបានធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានយ៉ាងស្អិតរមួត ក្រោមឆ័ត្រ នៃរាជារដ្ឋាភិបាលកម្ពុជាតែមួយ សំដៅផ្តល់ប្រយោជន៍ពិតជូនដល់ប្រជាពលរដ្ឋ។

1 102 103 104 105 106 107 88 89 710 711 6

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ