ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ
- ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៤:១០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តឧត្តរមានជ័យ៖ ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពី លោក ប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ២០រូប។
ជាកិច្ចចាប់ផ្តើមលោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ បានរាយកាណ៍ជូន ឯកឧត្តមរដ្ឋលេខាធិការក៏ដូចជាអង្គពិធីពី វឌ្ឍនភាពការងារ សមិទ្ធផល និងផែនការបន្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនាពេលកន្លងមក ធ្វើឱ្យមន្ទីរទទួលបានលទ្ធផលល្អគួរជាទីមោទក។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំ និងផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការដូចខាងក្រោម៖
១-គួរមានការចាប់អារម្មណ៍ចំពោះ មន្រ្តីរាជការជាស្រ្តីនៅមានចំនួនតិច។
២-ត្រូវរៀបចំបង្កើតឱ្យមាន ក្រុមព័ត៌មានប្រតិកម្មរហ័ស សម្រាប់ផ្តល់ព័ត៌មានជូនដល់ថ្នាក់ដឹកនាំបានទាន់ពេលវេលា។
៣-ត្រូវពង្រឹងការអនុវត្តរបបប្រជុំប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំឱ្យបានទៀងទាត់។
ពិធីសំណេះសំណាលនេះបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងសិទ្ធស្នាលបំផុត ព្រមទាំងបានថតរូបអនុស្សាវរីយ៍ផងដែរ៕