
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែវ ឲ្យធ្វើការជ្រើសរើសខ្សែផ្លូវទៅអនាគត ត្រូវឆ្លើយតបទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ច និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាចម្បង និងត្រូវពង្រឹងការយកចិត្តទុកដាក់លើគុណភាព និងអនុលោមតាមបទដ្ឋានបច្ចេកទេស
- ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៩:២០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយលោក លីវ សំណាង ប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចុះពិនិត្យវឌ្ឍនភាពការងារថែទាំប្រចាំចំនួន ០២ខ្សែ ប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៣៧,៣៣០ គីឡូម៉ែត្រ សម្រេចបានលទ្ធផលប្រមាណ ៨០% រួមមាន ៖
១. ខ្សែទី១ ៖ ពីផ្សារត្រាំកក់-មង្គលមានល័ក្ស ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំត្រាំកក់ ឃុំគុស ឃុំសំរោង ឃុំ ត្រពាំងធំខាងត្បូង និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ មានប្រវែងសរុប ១៦,២៩គីឡូម៉ែត្រ
២. ខ្សែទី២ ៖ ពីពេជសារ-វត្តសុបិន្ត ស្ថិតនៅក្នុងឃុំអង្គប្រាសាទ ឃុំរាមអណ្តើក និងឃុំគោកព្រេច ស្រុកគិរីវង់ មានប្រវែងសរុប ២១,០៤គីឡូម៉ែត្រ។
ដោយឡែក នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សរុបចំនួន ៦៥នាក់។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារដោយលោក លីវ សំណាង ប្រធានមន្ទីរ រួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកឡើងអំពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ជនបទ ដោយធ្វើយ៉ាងណាខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “លើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរបស់ប្រជាជននៅជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធ៌ម” អមដោយយុទ្ធសាស្រ្តអាទិភាពចំនួន ៤ ជាអាទិ៍ (ទី១) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (ទី២) កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (ទី៣) ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់មន្ទីរ ដូចខាងក្រោម៖
១. ការជ្រើសរើសខ្សែផ្លូវទៅអនាគត ត្រូវឆ្លើយតបទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ច និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាចម្បង
២. ត្រូវពង្រឹងការយកចិត្តទុកដាក់លើគុណភាព និងអនុលោមតាមបទដ្ឋានបច្ចេកទេស ពាក់ព័ន្ធ
ការអនុវត្តការងារថែទាំផ្លូវ ការជួសជុល ការស្ថាបនាផ្លូវជនបទ និងសំណង់សិល្បការ្យ
៣. ការជ្រើសរើសទីតាំងអណ្តូងទឹក និងស្រះទឹកសហគមន៍ទៅអនាគត ត្រូវធានាថាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ
៤. មន្ទីរត្រូវចូលរួមអនុវត្តអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធម្មការនិងសាសនា ដើម្បីធ្វើសាងសង់ ស្តារស្រះសហគមន៍ និងសាងសាង់បន្ទប់ អនាម័យ (វច្ចកុដិ) នៅតាមទីវត្តអារាម
៥. អ្នកនាំពាក្យរបស់មន្ទីរ ត្រូវសហការ និងផ្ដល់ព័ត៌មាន ជូនក្រុមការងារអ្នកនាំពាក្យក្រសួង ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយដល់មហាជន
៦. ស្នើមន្ទីរត្រូវរៀបចំផែនការសកម្មភាពតាមវិស័យ សម្រាប់សកម្មភាពការងារចំណុះមន្ទីរឆ្នាំ២០២៤
៧. ត្រូវមានការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដើម្បីធានាប្រសិទ្ធភាពការងារ ពិសេសត្រូវយកចិត្តទុកដាក់ចំពោះមន្រ្ដីមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។
កិច្ចប្រជុំខាងលើ បានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕