ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាស្ពានបេតុង ចំនួន ០១កន្លែង នៅខេត្តព្រះវិហារ
- ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៣:៤៩ ល្ងាច
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាស្ពានបេតុង ចំនួន ០១កន្លែង ប្រវែង ៤៥ម៉ែត្រ ទទឹង ០៨ម៉ែត្រ និងការស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រវែងសរុប ២០០ម៉ែត្រ ស្ថិតនៅភូមិរំដោះ ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។
គម្រោងខាងលើ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។
បន្ទាប់ពីបានធ្វើការពិនិត្យលើលក្ខណៈបច្ចេកទេស និងគុណភាពសំណង់ជាក់ស្តែង និងយោងតាមស្មារតីអង្គប្រជុំ គណៈប្រតិភូអន្តរក្រសួង បានសម្រេចឯកភាពទទួលយកលទ្ធផលការងារ ដោយបញ្ចប់សុពលភាពជាស្ថាពរ៕