ឯកឧត្តម ទ្រី មេង និងតំណាងអង្គការ UNICEF ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទលើកទី៣៩
- ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៣:៥០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងលោក Michele Paba ប្រធានកម្មវិធីទឹកស្អាត និងអនាម័យ នៃអង្គការ UNICEF ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានសម្របសម្រួលដៃគូអភិវឌ្ឍន៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទលើកទី៣៩ នៅសាលប្រជុំក្រសួងអភិវឌ្ឍន៍ជនបទ និងតាមប្រព័ន្ធអនឡាញ (Zoom) ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធនានា និងតំណាងដៃគូអភិវឌ្ឍន៍សរុប៤២រូប។
កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការត្រួតពិនិត្យអំពីវឌ្ឍនភាព ពិភាក្សាបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យទឹកស្អាត និងអនាម័យជនបទ។
សូមគោរពជម្រាបជូនផងដែរថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឺកស្អាត និងអនាម័យជនបទ រៀបចំជារៀងរាល់៣ខែម្តង៕