
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំលើកទី០១ របស់ក្រុមការងារបច្ចេកទេសគោលនយោបាយ សម្រាប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥
- ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១២:៣០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំលើកទី០១ របស់ក្រុមការងារបច្ចេកទេសគោលនយោបាយ សម្រាប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសរបស់ក្រសួងជាច្រើនរូប ដែលជាសមាជិកនិងសមាជិកាផងដែរ។
កិច្ចប្រជុំមានគោលបំណង៖
១. ប្រកាសសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥
២. ពិភាក្សាលើការកំណត់ តួនាទី ភារកិច្ច និងផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសគោលនយោបាយ
៣. ពិភាក្សាលើនីតិវិធី និងកំណត់ទិសដៅនៃការអនុវត្តការងាររបស់ក្រុមការងារបច្ចេកទេសគោលនយោបាយ
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសគោលនយោបាយ ក៏បានលើកឡើងពីការកំណត់ទិសដៅមុតស្រួចរបស់ថ្នាក់ដឹកនាំក្រសួង ដែលត្រូវសម្រេចឲ្យបាននូវសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ២០២៥-២០៣៥ និងបញ្ចប់ការតាក់តែងក្នុងឆ្នាំ២០២៤ខាងមុខ។
អង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖
១. កំណត់ទិសដៅការងារនិងចក្ខុវិស័យថ្មីជាធាតុចូលបន្ថែមក្នុងសេចក្តីព្រាងដែលមានស្រាប់
២. កំណត់នូវយន្តការក្នុងការទំនាក់ទំនងនិងអនុវត្តការងាររួមរបស់ក្រុមការងារតាមរយ:ក្រុមតេលេក្រាម
៣. កំណត់ក្របខណ្ឌពេលវេលា និងរបបប្រជុំពិនិត្យនិងពិភាក្សាជាប្រចាំសម្រាប់ក្រុមការងារអនុវត្ត
កិច្ចប្រជុំក្រុមការងារបច្ចេកទេសគោលនយោបាយលើកទី០១ ទទួលបានការចូលរួមពិភាក្សា បញ្ចេញមតិនិងយោបល់ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស យ៉ាងផុលផុស ប្រកបដោយឆន្ទ:ទទួលខុសត្រូវ ផ្អែកលើស្មារតីក្រុមនិងសាមគ្គីភាពខ្ពស់។