ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានថែទាំសុខភាពជនបទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពី កិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ នៅខេត្តតាកែវ
- ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១១:៤០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅអាគាររដ្ឋបាលខេត្តតាកែវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពី កិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ និងរៀបចំផែនការអនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយ លោកទុយ សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ តំណាងឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។
សិក្ខាសាលាមានការអញ្ជើញចូលរួមពី មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តរួមមាន៖ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរព័ត៌មាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរផែនការ មន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី និងមន្ទីរអភិវឌ្ឍន៍ជនបន ព្រមទាំងអភិបាលរងក្រុង-ស្រុកទាំង១០។
គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពី កិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរដល់អាហាររូបត្ថម្ភ និងគាំទ្របច្ចេកទេសដល់ថ្នាក់ខេត្ត និងក្រុង-ស្រុករៀបចំផែនការសកម្មភាពអនុវត្តគោលការណ៍ប្រតិបត្តិស្តីពី កិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ។
សិក្ខាសាលាបានបញ្ចប់ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១. ក្រុមការងារនាយកដ្ឋានថែទាំសុខភាពជនបទ បានផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពី កិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ដែលមាន៣ជម្រើសធំៗគឺ កិច្ចអន្តរាគមន៍បន្ស៊ីគ្នាគ្រប់ជ្រុងជ្រោយ កិច្ចអន្តរាគមន៍ផ្តោតលើអាហារូបត្ថម្ភដោយបញ្ជ្រាបសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងកិច្ចអន្តរាគមន៍ផ្តោតលើសេវាផ្គត់ផ្គង់ទឹកស្អាតអនាម័យដោយបញ្រ្ជាបអាហារូបត្ថម្ភ
២. មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរវិស័យពាក់ព័ន្ធ និងរដ្ឋបាលស្រុក-ក្រុងទាំង១០ បានរៀបចំផែនការបន្ត ក្នុងការកំណត់សកម្មភាព ថវិកា និងពេលវេលាសម្រាប់អនុវត្តលើកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហាររូបត្ថម្ភ៕