មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលស្រុកស្អាងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)
- ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៥:១៩ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលស្រុកស្អាងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+) ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធាន PWG ខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង ក្រុមការងារមន្ទីរ(PWGs ) លោក លោកស្រីអភិបាលរងស្រុកស្អាង លោក លោកស្រីក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទស្រុក ( DWG) លោក លោកស្រី មេឃុំ និង គ.ក.ន.ក ឃុំ សរុប ៣៥នាក់ ស្រី ១៨នាក់។
ក្នុងឱកាសនោះផងដែរ លោក ជឺ គីមហៃ អភិបាល នៃគណៈអភិបាលស្រុកស្អាង បានធ្វើសេចក្តីរាយការណ៍ស្តីពី ស្ថានភាពទឹកស្អាត និងអនាម័យនៅទូទាំងស្រុកស្អាង និងបានប្តេជ្ញាចិត្តធ្វើការងារនេះជាមួយរដ្ឋបាលឃុំ និងភាគីពាក់ព័ន្ធបន្តជំរុញ ការងារនេះឱ្យបានជោគជ័យតាមផែនការរបស់ក្រុមការងារ PWG ខេត្ត។
បន្ទាប់ពីលោក ហឿន ទ្រី អនុប្រធានមន្ទីរ បានធ្វើបទបង្ហាញពីគោលការណ៍ណែនាំ ស្តីពី ការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ( ODF+) រួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ដឹកនាំ អំពីការធានានិរន្តរភាព ODF និងលើកផែនការ(ODF+) ធ្វើយ៉ាងណាឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវបន្តយកចិត្តទុកដាក់ ពិនិត្យកែលម្អបង្គន់ ដែលមានស្រាប់ឱ្យក្លាយជាបង្គន់បរិយាប័ន្ន។
ឯកឧត្តមក៏បានបន្តដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពអនាម័យជាក់ស្តែង នៅវិទ្យាល័យ ហ៊ុន សែន ស្អាង និងសាលាឃុំទឹកវិល ដើម្បីផ្តល់ការណែនាំជូនអង្គភាពផ្តល់សេវាសាធារណៈ និងទីតាំងសាធារណៈផ្សេងទៀត អនុវត្តឱ្យស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។