រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ទៅចែកជូនកងទ័ព នៅកងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល និងបន្តជួបសំណេះសំណាលជាមួយមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន

ចែលរំលែក
1 3

ខេត្តបាត់ដំបង-ប៉ៃលិន៖ ដើម្បីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិជួរក្រោយ និងដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់ នៅពេលខាងមុខនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ មានទីតាំងស្ថិតនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អញ្ជើញទៅសាកសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ។

 

អញ្ជើញអមដំណើរមាន ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមានការចូលរួមពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគ ៥ លោកឧត្ដមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ។

 

លោកឧត្ដមសេនីយ៍ គុជ នាង បានធ្វើរបាយការណ៍បញ្ជាក់ថា ៖ កន្លងមកក្រសួងបានផ្ដល់អគារស្នាក់នៅសម្រាប់កងទ័ព ចំនួន ១០ខ្នង, អគារហ្វឹកហ្វឺន ចំនួន ១ខ្នង, អាគារប្រចាំការចំនួន ១ខ្នង, វេទិកាចំនួន ១ខ្នង, ទំនប់បង្ហូរទឹក ១កន្លែង, អណ្ដូងស្នប់ចំនួន២០អណ្តូង អាងស្ដុកទឹកចំនួន ៣អាង និងគ្រឿងសំណង់ជាច្រើន សម្រាប់យកមកកសាងហេដ្ឋារចនាសម្ព័ន្ធ និងកសាងប្រព័ន្ធប្រៀបការពារជាតិ ។

 

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ ការពារបូរណភាពទឹកដី រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

 

ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានលើកឡើងថា កងយោធពលខេមរភូមិន្ទ គឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការពារបូរណភាពទឹកដី អធិបតេយ្យភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតឡើងពីការបោះឆ្នោតស្របច្បាប់ និងការពារនូវរាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាល ។

 

ឆ្លើយតបទៅនឹងសំណូមពររបស់មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ ឯកឧត្ដមរដ្ឋមន្រ្ដី បានយល់ព្រមជួយសាងសង់អគារស្នាក់នៅ បង្គន់អនាម័យ និងអាងស្តុកទឹក ជូនដល់កងពលផងដែរ។ បន្ទាប់មក គណៈអធិបតី បានផ្ដល់អំណោយជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន និងអង្គភាពកងពលតូចថ្មើរជើងលេខ៥២ មានថវិកា ចំនួន ២៣ ៧០០ដុល្លារអាមេរិក , អង្ករ ៣ តោន, ទឹកបរិសុទ្ធ ៥០ កេស , មីយើង ១០០ កេស , ទឹកស៊ីអ៊ីវ ៥០ យួរ , ទឹកត្រី ៥០ យួរ , ស្ករស ២០០ គីឡូក្រាម , ប្រេងឆា ១៥០ លីត្រ នំតែលាវ ៥ធុង និងនំអន្សម ៥០០ នំ ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់ លោក រស់ នឿន អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែ ដើមឆ្នាំរបស់លោក ហ៊ត ប្ញទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន រួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តរំលឹកពីបណ្ដាំផ្ញើពីសំណាក់សម្ដេចទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់រូបនាពេលកន្លងមក។

 

ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តលើកឡើងថា ដើម្បីចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ ការលើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅជនបទប្រកបដោយចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។

 

ដើម្បីជាចលករជួយជំរុញចក្ខុវិស័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ មានយុទ្ធសាស្ត្រអាទិភាពចំនួន ៤ គឺ៖

 

ទី១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដោយខិតខំលើកកម្ពស់កម្រិតផ្លូវ ពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវសក្រាលកៅស៊ូ និងផ្លូវបេតុង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ គ្រប់រដូវកាល និងបែងចែកកំណើនសេដ្ឋកិច្ចទៅដល់តំបន់ជនបទ ។

 

ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថល្អ រស់នៅមានសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព ។

 

ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

 

ទី៤៖ ពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តផ្ដាំផ្ញើជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដូចខាងក្រោម៖

 

– ទន្ទឹមនឹងសមិទ្ធផល និងស្នាដៃដែលធ្លាប់មានកន្លងមក ត្រូវបន្តបង្កើនស្នាដៃបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០។

 

– មន្ទីរ ត្រូវខិតខំបំពេញតួនាទីជាសេនាធិការបច្ចេកទេសដ៏ល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងសហការល្អជាមួយមន្ទីរជំនាញពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារវិស័យអភិវឌ្ឍន៍ជនបទកាន់តែល្អប្រសើរឡើង។

 

– មន្ទីរ ត្រូវត្រួតពិនិត្យរបបប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ ឱ្យបានទៀងទាត់ ដើម្បីវាយតម្លៃការងារ ដោយយកគោលការណ៍សមូហភាពជាធំ។

 

– ថ្នាក់ដឹកនាំមន្ទីរត្រូវមានការលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់សកម្មភាពការងារតាមរយៈ ការដំឡើងឋានៈ តួនាទី កាំប្រាក់ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

 

– ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីមន្ទីរមានភាពជោគជ័យ ក្នុងនោះត្រូវយកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

 

– មន្ទីរ ត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយដល់មហាជន។

 

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

1 32 33 34 35 36 37 38 39 210 211 2

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ