ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ ចុះត្រួតពិនិត្យ និងវាយតម្លៃ ស្ថានភាពផ្លូវជនបទ ចំនួន ៣ខ្សែ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់
- ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១:២៨ ល្ងាច
- សកម្មភាពក្រសួង
ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមអមដំណើរដោយប្រធានមន្ទីរក្រសួងអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេសផ្លូវជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្លូវលំជនបទដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ ចំនួន ៣ ខ្សែរួមមាន៖
១- ខ្សែទី១៖ ភូមិលាវ-រលាប ប្រវែង ៤,៥០០ម៉ែត្រ ត្រូវបានលិចលង់ ប្រវែង២៥០០ ម៉ែត្រ ស្ថិតក្នុងភូមិលាវ, ភូមិរលាប សង្កាត់ចំរើនផល, សង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវទឹកហូរច្រោះដាច់តួផ្លូវប្រហែល ៤០%។
២- ខ្សែទី២៖ ទួលក្រួស-វត្តឯក ប្រវែង ៤,៩០០ម៉ែត្រ ត្រូវបានលិចលង់ប្រវែង ១,២០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតូង, ភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ត្រូវទឹកហូរច្រោះដាច់តួផ្លូវប្រហែល ១៥%។
៣- ខ្សែទី៣៖ វត្តទួលវែង ប្រវែង ៩,៧០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃឪម៉ាល់, ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានលិចលង់ប្រវែង ៤,៣៥០ម៉ែត្រត្រូវទឹកហូរច្រោះដាច់តួផ្លូវប្រហែល ១០% និងខូចខាតលូមូល មុខ៤ ចំនួន១កន្លែង៕