ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូលេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសចុះពិនិត្យផ្លូវជនបទរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៧ខ្សែ នៅក្នុងខេត្តពោធិ៍សាត់
- ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១០:៣៥ ព្រឹក
- សកម្មភាពក្រសួង
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសោរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត លឹម អ៉ីវ អនុរដ្ឋលេខាធិការ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស តំណាងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញថ្នាក់ក្រសួងនិងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទ ដែលត្រូវជំនន់ទឹកភ្លៀងជន់លិច នៅក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំនួន ៧ខ្សែ រួមមាន៖
– ខែ្សទី១៖ មានប្រវែង ៤ ៥០០ម៉ែត្រ តភ្ជាប់ពីភូមិលាវ ទៅភូមិរលាប ត្រូវបានលិចលង់ប្រវែង ២ ៥០០ ម៉ែត្រ
– ខែ្សទី២៖ មានប្រវែង ៤ ៩០០ម៉ែត្រ តភ្ជាប់ពី វត្តឯក ទៅកាន់ភូមិទួលក្រួស ត្រូវបានលិចលង់ប្រវែង ១ ២០០ម៉ែត្រ
– ខែ្សទី៣៖ មានប្រវែង ៨ ៥០០ម៉ែត្រតភ្ជាប់ពីភូមិស្វាយមាស ទៅភូមិកំពង់ស្ទោង ត្រូវបានជន់លិចលង់ប្រវែង ១ ៥០០ម៉ែត្រ
– ខែ្សទី៤៖ មានប្រវែង ៩ ៧០០ម៉ែត្រ ស្ថិតនៅភូមិទួលវែង ត្រូវបានជន់លិចលង់ប្រវែង ៤ ៣៥០ម៉ែត្រ
– ខែ្សទី៥៖ មានប្រវែង ៩ ៣០០ម៉ែត្រតភ្ជាប់ពីភូមិទួលចារ ទៅភូមិកែវមុន្នី ត្រូវបានជន់លិចលង់ប្រវែង ១ ៨២០ម៉ែត្រ
– ខែ្សទី៦៖ មានប្រវែង ៥ ០០០ម៉ែត្រ តភ្ជាប់ពីភូមិអូរស្តៅ ទៅកាន់វត្តវាល ត្រូវបានជន់លិចលង់ទាំងស្រុង។
– ខែ្សទី៧៖ ជាប្រភេទផ្លូវក្រួសក្រហម មានប្រវែង ៤ ២០០ម៉ែត្រ តតភ្ជាប់ពីភូមិទួលល្ពៅ ទៅវត្តវាល លិចលង់ ២ ៥០០ម៉ែត្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៧ និងទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះមានភ្លៀងខ្លាំងទាំងយប់ទាំងថ្ងៃ នៅតាមតំបន់ជួរភ្នំក្រវ៉ាញនៃខេត្តពោធិ៍សាត់ ដែលធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងគំហុក បណ្តាលឱ្យលិចលង់ស្រែចំការ ផ្ទះសំបែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹង ក្នុងនោះ ផ្លូវជនបទ ២៧ ខ្សែ សរុបប្រវែង ជាង ២៦៨ គ.ម. បានរងការលិចលង់ជាអន្លើៗ សរុបជាប្រវែងផ្លូវដែលត្រូវបានទឹកលិចប្រហែលជាង ៣៨ គ.ម. បង្កឱ្យមានការលំបាកដល់ធ្វើចរាចរណ៍ទូទៅ។
ជាមួយនឹងបញ្ហានេះ ក្រសួងអភិវឌ្ឍន៍ជនបទនឹងធ្វើការពិនិត្យ និងបូកសរុបផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទដែលទទួលរងការខូចខាត បន្ទាប់ពីទឹកស្រកទៅវិញក្នុងខាងមុខឆាប់ៗនេះ ដើម្បីសិក្សាលើកគម្រោងកែលម្អឱ្យបានឆាប់រហ័ស ជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕