ការចុះជំរុញណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងស្រុកកូនមុំ ឱ្យយល់ដឹងពីការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងជំរុញឱ្យមានការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះឱ្យបានគ្រប់គ្រួសារ
- ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:៣០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃស្រុក ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចូលរួមជាមួយក្រុមកាងារបច្ចេកទេសខេត្ត ដឹកនាំដោយ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធាន PWG ដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំ និងចុះជំរុញណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងស្រុកកូនមុំ ឱ្យយល់ដឹងពីការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងជំរុញឱ្យមានការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះឱ្យបានគ្រប់គ្រួសារ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមានទីចាត់ការផែនការវិនិយោគខេត្ត ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញទឹកស្អាត និងអនាម័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អភិបាលរងស្រុក មេឃុំទាំង៦ ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋក្នុងភូមិទាំង៣ ក្នុងស្រុកកូនមុំ សរុបចំនួន៦០នាក់។
បន្ទាប់ពីកិច្ចប្រជុំរួច ក្រុមការងារទាំងអស់ បានចុះពិនិត្យតាមខ្នងផ្ទះ និងដាក់ចេញនូវវិធានមួយចំនួនសម្រាប់អនុវត្តដូចខាងក្រោម៖
១. ត្រូវរៀបចំកម្មវិធីសម្អាតតាមលំនៅដ្ឋាន និងទីសាធារណៈ មាន សាលារៀន សាលាឃុំ សាលាស្រុក វត្តអារាម តាមដងផ្លូវ ជារៀងរាល់សប្តាហ៍។
២. ជំរុញណែនាំដល់ភូមិ ឃុំ និងបែងចែកការងារជាក្រុមចុះជំរុញប្រជាពលរដ្ឋតាមខ្នងផ្ទះឱ្យសាងសង់បង្គន់ ហូបស្អាត រស់នៅស្អាត និងណែនាំដល់សិស្សសាលាចូលរួមសម្អាត និងថែរក្សាបរិស្ថាន
៣.ជំរុញការដាំដុះបន្លែរបស់សហគមន៍
៤.អាជ្ញាធរស្រុក និងមេឃុំគ្រប់ឃុំទាំង៦ ត្រូវខិតខំដោះស្រាយបញ្ហា និងសហការជាមួយមន្ទីរជំនាញពាក់ពន្ធ័ជំរុញការសាង់បង្គន់ឱ្យបានគ្រប់ខ្នងផ្ទះទូទាំងស្រុក៕